(ភ្នំពេញ)៖ ព័ត៌មានពាក់ព័ន្ធ អាណាព្យាបាលសិស្សតូចៗជាង៥០នាក់ បាននាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ខណ្ឌមានជ័យ ទាមទារឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ លើករណីសាលាអន្តរជាតិ Stamford ដែលបានបិទទ្វារដោយមិនដឹងមូលហេតុ ក្រោយពួកគាត់បានបង់ប្រាក់ថ្លៃការសិក្សាររបស់កូនៗ ចន្លោះពី៥០០ដុល្លារ ដល់២០០០ដុល្លារ។

បើតាមប្រភពព័ត៌មានពី គណៈគ្រប់គ្រងម្នាក់ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះថា អគ្គនាយកសាលាអន្ដរជាតិ Stamford ទាំង៣សាខានោះ គឺជាជនជាតិខ្មែរ ដែលមានឈ្មោះ លី សុខុមាល ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៥ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន បានវេចលុយជាច្រើនម៉ឺនដុល្លាររត់បាត់តែម្ដង ហើយមូលហេតុ​លោកសង្ស័យថា អគ្គនាយកសាលាបានជំពាក់លុយគេច្រើន។

ប្រភពដដែលបន្ថែមថា ការវេចលុយរត់បាត់របស់អគ្គនាយករូបនេះ ធ្វើឲ្យអាណាព្យាបាលសិស្សតវ៉ា និងថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្រៀន​នៅក្នុងសាលាអត់ការងារធ្វើ និងជួបបញ្ហាជីវភាពផងដែរ ដោយសារតែអគ្គនាយករូបនេះមិនបានបើកប្រាក់ខែ។

លោកបញ្ជាក់ថា សាលា Stamford មាន៣ទីតាំងគឺទី១៖ ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ, ទី២៖ ជិតវត្តសំរោងអណ្ដែត និងទី៣៖ នៅតាមបណ្ដោយផ្លូវម៉ុងឬទ្ធី ហើយសាលានេះ បានបើកដំណើរការជាង៦ឆ្នាំហើយ មិនដែលមានបញ្ហាអ្វីនោះទេ ទើបតែលើកនេះអគ្គនាយកបានវេចលុយរត់តែម្ដង។

នៅពេលនេះគ្រួបង្រៀន បុគ្គលិក គណៈគ្រប់គ្រងសាលា បានរួមគ្នាទាំង៣សាខា ដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយអន្ដរាគមន៍ និងរកដំណោះស្រាយជូនពួកគាត់។

សូមជ​​ម្រាបថា ក្រុមអាណាព្យាបាលសិស្សដែលបានទៅតវ៉ានៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ បានអះអាងថា កូនពួកគាត់ម្នាក់ៗ សុទ្ធសឹងតែរៀននៅសាលានេះ ចាប់ពី៤ ទៅ៥ឆ្នាំកន្លងមកហើយ ពុំដែលមានបាតុភាពអ្វីឡើយ។ ពួកគាត់លើកឡើងថា ចំពោះស្តង់ដា នៃការបង្រៀនគឺមានគុណភាពល្អ ទាំងការអប់រំ និងចំណេះដឹងដល់កុមារតូចៗ ពិសេសកូនៗរបស់ពួកគាត់ផ្ទាល់ ដែលមានអាយុចាប់ពី៥ឆ្នាំ ដល់១០ឆ្នាំ។

កាលពីវេលាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ ក្រុមអាណាព្យាបាលក្មេងៗ បានមកទទួលកូនចាកចេញពីសាលាត្រឡប់ទៅផ្ទះធម្មតា ពុំមានរឿងអ្វីឡើយ ហើយសាលាក៏ពុំបានផ្តល់ព័ត៌មានអ្វីឡើយ។ លុះវេលាព្រឹកឡើង នៅពេលដែលពួកគាត់ជូនកូនមកសិក្សា ស្រាប់តែសាលាត្រូវបានបិទទ្វារដោយមិនដឹងមូលហេតុ ពិសេសនោះ សាខាធំៗចំនួន២ផ្សេងទៀតរបស់សាលានេះ ដែលមានទីតាំងក្នុងខណ្ឌសែនសុខ និងខណ្ឌឬស្សីកែវ ក៏ត្រូវបានបិទទ្វារទន្ទឹមគ្នាផងដែរ ជាហេតុធ្វើឲ្យពួកគាត់បង្កការឆោរឡោរនៅមុខសាលា រហូតភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះសាកសួរ នាំទើបដឹងថា ម្ចាស់សាលាបានបិទទ្វាររត់បាត់ទៅហើយ។ ការបិទគឺដោយសារម្ចាស់សាលាដែលជាជនជាតិហ្វីលីពិន ជំពាក់បំណុលគេច្រើន។

ក្រុមអាណាព្យាបាលសិស្សដដែលបាននាំគ្នាបន្តថា សាលាអន្តរជាតិនេះមួយ ជាសាលាដែលមានឈ្មោះល្បី និងធ្លាប់ឈានទៅដល់ការប្រកួតប្រជែងសមត្ថភាពលើឆាកអន្តរជាតិ លើជំនាញផ្សេងៗរបស់កុមារ នៅតាមបណ្តាប្រទេសជាច្រើន ដូចជា សិង្ហបុរី ជាដើម។ ពួកគាត់បន្ថែមថា ក្នុងរៀងរាល់កន្លះឆ្នាំ ឬ១ឆ្នាំម្តង ពួកគាត់ត្រូវចំណាយថ្លៃការសិក្សាររបស់កូនៗចាប់ពី៥០០ដុល្លារ ដល់២០០០ដុល្លារ ទៅតាមកម្រិតរបស់កុមារ ពីថ្នាក់តូចដល់ថ្នាក់ធំ បូករួមទាំងការសិក្សាទាំងអក្សរខ្មែរ និងអង់គ្លេសផងដែរ។

យ៉ាងណាមិញ ក្រុមអាណាព្យាបាលនៅតែមិនយល់ពីមូហេតុអ្វី ដែលនាំអោយម្ចាស់សាលាបិទទ្វារបែបនេះ ទាំងសាលាជាសាលាដែលល្អសម្រាប់ក្មេងៗសិក្សាររៀនសូត្រ ហើយក៏ជាសាលាដែលពុំធ្លាប់មានបាតុភាពអាក្រក់អ្វីផងដែរនោះ។

សូមបញ្ជាក់ថា ក្រោយការដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យរួច ពួកគាត់នឹងនាំគ្នា ធ្វើលិខិតមួយមានជាលាយល័ក្ខអក្សររួមជាមួយស្នាមមេដៃ ប្តឹងទៅក្រសួងអប់រំ ដើម្បីសុំការអន្តរាគមន៍ ពីក្រសួង លើបញ្ហានេះផងដែរ៕​