(ភ្នំពេញ)៖ លោក ជាម យៀប ប្រធានគណៈកម្មការ និងគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោ​សនាការបានថ្លែងឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងរវាងអាស៊ាន និងចិន គឺជាកិច្ចព្រមព្រៀងមេ ដែលបង្កើតឡើងដើម្បីបើកផ្លូវឲ្យមានការចរចាបង្កើតកិច្ចព្រមព្រៀងនានាបន្ថែមទៀតរវាងអាស៊ាន-ចិន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្មវិនិយោគ យន្តការដោះស្រាយវិវាទ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង បច្ចេកទេសជាដើម។

បើតាមលោក ជាម យៀប ពិធីសារនេះនឹងធ្វើឲ្យពាណិជ្ជកម្មអាស៊ាន-ចិនមានភាពប្រសើរឡើង ដើម្បីឆ្លើយតបទៅនិងការរីកចម្រើននៃសេដ្ឋកិច្ចជាសកល និងជួយធ្វើឲ្យកាន់តែស៊ីជម្រៅការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ាន-ចិន តាមរយៈការបន្តធ្វើភារូបនីយកម្មពាណិជ្ជកម្ម ការធ្វើឲ្យប្រសើរឡើងនូវនីតិវិធីគយ និងវិធានការនានា ក្នុងការជួយសម្រួលពាណិជ្ជកម្ម និងវិនិយោគ។

ពិធីសារនេះ ក៏នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងអាស៊ាន-ចិនផងដែរ។

សេចក្តីព្រៀងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោយកិច្ចព្រមព្រៀងក្របខណ្ឌនេះរវាងអាស៊ាន និងចិន មាន ៣មាត្រា៕