(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានដឹកនាំកម្លាំងប្រតិបត្តិការរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិចិនចំនួន​៧៤នាក់ ស្រី​១៤នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត (VOIP) ទៅកាន់ខេត្ត Shan Dong, ខេត្តJiang Su និងខេត្តHe Nan ប្រទេសចិន តាមជើងយន្តហោះCZ8683 /CZ8684 ដោយមានក្រុមប៉ូលីសចិន​មកទទួលនៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ។ នេះបើតាមលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

បើតាមលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ជនជាតិចិនទាំងអស់ខាងលើ ត្រូវបានឃាត់ខ្លួនដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នៅគោលដៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ដឹកនាំចង្អុលបង្ហាញដោយ លោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍។

សូមជម្រាបថា កន្លងទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបន្ដបណ្ដេញជនជាតិចិនជាបន្ដបន្ទាប់ ដែលមានចំនួនខ្ទង់រាប់រយនាក់ចេញពីកម្ពុជាផងដែរ ដោយសុទ្ធតែពាក់ព័ន្ធករណីជំរិទារប្រាក់តាមប្រព័ន្ធអ៊ីធឺណែតនេះ៕