(ស្វាយរៀង)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមការងារ និងរូបលោកបានរកឃើញកូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង៣នាក់ បានកើតមកមិនប្រក្រតីគួរឲ្យអាណិតអាសូរ ដោយសារតែឥទ្ធិពលដ៏សាហាវនៃគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក ដែលបានបន្សល់ទុកពីសម័យសង្រ្គាម។ បើតាមលោក ម៉ម ប៊ុនហេង បន្តឲ្យដឹងថា ភាពមិនប្រក្រតីរបស់ក្មេងៗទាំង ៣នាក់នោះ មានដូចជាម៉ាត់វៀច ក្បាលធំ និងកើតរមាស់លើស្បែកតាំងពីពេលពួកគេកើតមកម្ល៉េះ។

ការប្រទះឃើញបែបនេះ ខណៈលោក ម៉ម ប៊ុនហេង បានចុះទៅដល់ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីកន្លែងដែលមានវត្តមានគ្រាប់បែកគីមីរបស់អាមេរិកពីសម័យសង្រ្គាមបន្សល់ ទុកយ៉ាងរាយប៉ាយ។ ពេលចុះទៅដល់ភ្លាមលោក ម៉ម ប៊ុនហេង និងក្រុមការងារ បានចាប់ផ្តើមធ្វើការជួបជុំជាមួយ ប្រជាពលរដ្ឋ និងចាប់ផ្តើមពិនិត្យសុខភាពប្រជាពលរដ្ឋនៅតំបន់នោះភ្លាមៗផងដែរ។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ប្រាប់ Fresh News ថា «យើងបានពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ ហើយយើងបានរកឃើញក្មេងតូចៗ៣នាក់ កើតមកមានភាពមិនប្រក្រតី។ ក្នុងនោះមានក្បាលធំ មាត់វៀច ហើយមានម្នាក់ទៀតរមាស់ស្បែកមិនឈប់នោះឡើយ, ដោយក្មេងខ្លះដល់អាយុ១៤ឆ្នាំ។ តាមការពិនិត្យ ខ្ញុំជឿថា ភាពមិនប្រក្រតីរបស់ក្មេងទាំងនេះ ដោយសារឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិកនេះតែម្តង»

លោក ម៉ម ប៊ុនហេង បានអះអាងថា អាចមានកូនចៅប្រជាពលរដ្ឋនៅក្នុងឃុំគគីរជាច្រើន ជួបភាពមិនប្រក្រតីដោយសារតែឥទ្ធិពលគ្រាប់បែកគីមីនេះ ហើយក្រុមការងាររបស់លោកនឹងបន្តពិនិត្យ សុខភាពរបស់ប្រជាពលរដ្ឋ និងរកឃើញដែលរងផលប៉ះពាល់បន្តទៅទៀត។

សូមជំរាបថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យលោក ម៉ម ប៊ុនហេង ចុះស្រាវជ្រាវនៅក្នុងឃុំគគីរ ដើម្បីពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះពួកគាត់បានរស់នៅជាមួយគ្រាប់បែកគីមីរបស់អាមេរិកអស់រយៈពេលប្រមាណជា ៤០ឆ្នាំមកហើយ។

គ្រាប់បែកគីមីរបស់អាមេរិក ដែលទម្លាក់នៅក្នុងចន្លោះទសវត្សរ៍ឆ្នាំ៦០ និង៧០ បានបន្សល់ទុកយ៉ាងរាយប៉ាយនៅក្នុងឃុំគគីរ មកដល់ពេលនេះមន្រ្តីជំនាញអាវុធគីមី និង CMAC បានរកឃើញចំនួន ១៥ទីតាំងហើយ។ មន្រ្តីជំនាញអះអាងថា គ្រាប់បែកគីមីនេះ មិនឥទ្ធិពល ពិសពុលខ្លាំងណាស់សម្រាប់សុខភាពរបស់មនុស្ស ហើយក៏អាចទារកក្នុងផ្ទៃមានការលូតលាស់មិនប្រក្រតី រហូតជួបភាពពិការសរីរាង្គណាមួយថែមទៀតផង៕