(ភ្នំពេញ)៖ អគ្គនាយករងកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានដឹកនាំ ក្រុមការងារ ចុះទៅផ្សព្វផ្សាយ ពីនីតិវិធី ទំនិញ និងការប្រកបអាជីវកម្មលក់លោហៈធាតុ ត្បូង ថ្ម គ្រឿងអលង្ការ គ្រឿងកាឡៃ និងវត្ថុអនុស្សាវរីយ៍ដល់អាជីវករផ្សារ ក្នុងខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ គោលបំណងដើម្បីការពារ ការលក់ទំនិញក្លែងបន្លំ ដល់ភ្ញៀវទេសចរទាំងជាតិ និងបរទេស។

លោក គឹម មាសសុខសីហា បានថ្លែងឲ្យដឹងថា យុទ្ធនាការចុះត្រួតពិនិត្យនេះ គឺដើម្បីឆ្លងតបឲ្យទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ ធុរជន និងអ្នកប្រើប្រាស់ ជាពិសេស ដើម្បីលើកកម្ពស់ ការទទួលខុសត្រូវរបស់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍ ដល់អតិថិជនជាតិ និងអន្តរជាតិ ហើយក៏ដើម្បីទប់ស្កាត់ការលក់ លោហៈធាតុ ត្បូង ថ្ម គ្រឿងអលង្ការ គ្រឿងកាឡៃ និងវត្ថុអនុស្សាវរីយ៍ ក្លែងបន្លំ នៅកម្ពុជាផងដែរ។

លោកអគ្គនាយករង បានថ្លែងបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម បានធ្វើការណែនាំចំពោះអាជីវករ ឬពាណិជ្ជករទាំងអស់ ត្រូវប្រកាន់ភាព ស្មោះត្រង់ ក្នុងការធ្វើសកម្មភាពអាជីវកម្ម លក់ដូរ ចែកចាយ និងផ្សព្វផ្សាយពាណិជ្ជកម្ម លោហៈធាតុ ត្បូង ថ្ម គ្រឿងអលង្ការ គ្រឿងកាឡៃ វត្ថុអនុស្សាវរីយ៍ ត្រូវផ្តល់ព័ត៌មានពិតប្រាកដ ច្បាស់លាស់ជូន អ្នកប្រើប្រាស់ និងចេញវិក័យបត្រឲ្យបាន ច្បាស់លាស់ ផងដែរ។

លោក គឹម មាសសុខសីហា បានបញ្ជាក់ថា លោហៈធាតុ ត្បូង ថ្ម គ្រឿងអលង្ការ គ្រឿងកាឡៃ វត្ថុអនុស្សាវរីយ៍ ទាំងអស់នេះ គេមិនហាមឃាត់នោះទេ តែសូមឲ្យអាជីវករទាំងអស់ លក់ដូរ គឺប្រាប់ឲ្យត្រង់ ទៅដល់អតិថិជនរបស់ខ្លួន កុំឲ្យមានគំនិតបោកប្រាស់។

លោកបានបន្ដថា ចំពោះអ្នក ប្រើប្រាស់វិញ ត្រូវមានភាពស្មោះត្រង់ចំពោះការទិញទំនិញ ហើយមុននឹងទិញប្រភេទទំនិញទាំងនេះ ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ និងស្នើសុំវិក័យបត្រទិញ-លក់ពីអាជីវករ។ បន្ថែមពីលើនេះ រាល់អាជីករ ពាណិជ្ជករ ដែលប្រកបអាជីវកម្ម លោហៈធាតុ ត្បូង ថ្ម គ្រឿង អលង្ការ គ្រឿងកាឡៃ វត្ថុអនុស្សាវរីយ៍ ត្រូវបិទស្លាកថ្លៃ លើគ្រឿងអលង្ការ ត្បូងថ្ម មានតម្លៃ និងវត្ថុអនុស្សាវរីយ៍ជាដើម។

លោក គឹម មាសសុខសីហា ក៏បានសំណូមពរដល់អាជីវករលក់ដូរទាំងអស់ ត្រូវមានភាពស្មោះត្រង់ ជាមួយអ្នកទិញ បើរបស់ពិតត្រូវ ប្រាប់ថា ពិត បើរបស់កាឡៃ ត្រូវប្រាប់កាឡៃ ចៀសវាងបោកប្រាស់៕