(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង​លោកស្រី បានអញ្ជើញជាអធិបតី ប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារសិក្សាកម្រិតមធ្យម នៃវិទ្យាស្ថាន​អាន់នៀកម៉ះ អាល់ឥស្លាមីយ៉ះ របស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលជាជំនួយរបស់សប្បុរសជន ប្រទេសគុយវ៉ែត គឺក្រុមហ៊ុនអន្តរជាតិ អាលហ្សែខ តាមរយៈសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម សហការជាមួយសមាគមពិភពលោក នៃក្តីមេត្តា សាខាកម្ពុជា។

អាគារសិក្សានេះ មានកំពស់៤ជាន់ ១៣បន្ទប់ ដែលចំណាយថវិកា​២៣ម៉ឺនដុល្លាអាមេរិក។ តាមការបញ្ជាក់របស់ លោកនាយកវិទ្យាស្ថាន យូសុះ អៀរ៉សាត បានបញ្ជាក់ថា មកដល់ពេលនេះ វិទ្យាស្ថានអាន់នៀកម៉ះ បានធ្វើការពង្រីកសាខារបស់ខ្លួនបានចំនួន៣០សាខា នៃខេត្តក្រុងចំនួន៧ ក្នុងនោះរាជធានីភ្នំពេញ កំពង់ចាម កំពង់ឆ្នាំង កំពត ត្បូងឃ្មុំ ក្រចេះ និងកណ្តាល។

លោកបណ្ឌិត Ali Alrashid ប្រធានសមាគមពីភពលោក នៃក្តីមេត្តារបស់រដ្ឋគុយវ៉ែត ប្រចាំតបន់អាស៊ី បានលើកឡើងថា ក្នុងនាមតំណាងម្ចាស់ជំនួយ សូមផ្ញើក្តីនឹករលឹករបស់សម្បុរសជន ពីរដ្ឋមគុយវ៉ែត មកកាន់ប្រជាជនកម្ពុជា ហើយលោកសន្យានឹងបន្តចូលរួមសហការ កសាងសហគមន៍កម្ពុជា នូវគ្រប់វិស័យ តមតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយក៏ជាការអនុវត្តន៍គោលនយោបាយសប្បុរសធម៌ របស់ព្រះអង្គម្ចាស់ នៃរដ្ឋគុយវ៉ែត ដែលត្រូវបានអង្គការសហប្រជាជាតិ​ឲ្យងារថា ជាបីតាសប្បុរសធម៌។

លោកថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កនូវភាពងាយស្រួលគ្រប់បែបយ៉ាង ជាពិសេសថ្នាក់ដឹកនាំកំពូល និងគ្រប់ក្រសួងស្ថាប័ន តែងតែបានគាំទ្រ និងរហូតដល់អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសម្ពោធសមិទ្ធផលនានារបស់អង្គការ នៅតាមសហគមន៍ខ្មែរឥស្លាម។

លោក អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការកោតសរសើរជាខ្លាំងដល់រដ្ឋាភិបាលគុយវ៉ែត ក៏ដូចជាសមាគមពិភពលោក នៃក្តីមេតត្តា ដែលជាភាគីម្ចាស់ជំនួយខ្នាតធំ បាននិងកំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់ជំនួយមនុស្សធម៌ស្ទើរគ្រប់វិស័យ ក្នុងបេសកកម្មពិសេសមួយ ឆ្ពោះទៅរកការអភិវឌ្ឍន៍សង្គមកម្ពុជា ស្រប​គោលនយោបាយរបស់​រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានរំលឹកដល់ប្រជាពលរដ្ឋ និងមហាជនចូលរួមថា គិតត្រឹមថ្ងៃទី១២ ខែតុលា​នេះ គឺនៅសល់តែ២៨ ថ្ងៃទៀតប៉ុណ្ណោះ ការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ នឹងត្រូវបញ្ចប់ សូមបងប្អូនដែលគ្រប់អាយុបោះឆ្នោត, អ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកគ្រប់អាយុបោះឆ្នោតហើយ តែមិនទាន់ចុះឈ្មោះ សូមរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា៕