(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូ កុង ពិសី ចៅអធិការវត្តសំបួរមាស សង្កាត់ដង្កោ និងអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ ក្នុងភូមិម័ល និងភូមិសំបួរ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ មី ត្រីខ ស្ករស និងគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀត និងថវិកា១ម៉ឺនរៀល។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការថ្លែងអំណរព្រះគុណដល់ព្រះគ្រូចៅអធិការ ចំពោះទេយ្យវត្ថុ និងអំណោយដែលបានចែកជូន ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលរស់នៅក្នុងភូមិសំបួរ និងភូមិម័ល កាយវិការនេះបង្ហាញឲ្យឃើញពីការផ្សាភ្ជាប់គ្នាស្អិតរមួតរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន។

លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ពីសំណាកសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជនិច្ចកាលសម្តេចទាំងពីរតែងគិតគូដល់ការលំបាករបស់បងប្អូន និងបានផ្តាំផ្ញើរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ដល់បងប្អូនដោយពុំឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយឡើយ។

លោកអភិបាលខណ្ឌ ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមដំបូលសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា។ ជាមួយគ្នានោះ លោកអភិបាលរួមជាមួយប្រតិភូខណ្ឌក៏បានទទួលទេយ្យវត្ថុមួយចំនួនពីព្រះគ្រូជ័យរក្ខិតោ កុង ពិសី ចៅអធិការវត្តសំបួរមាស ដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ក្នុងមូលដ្ឋានរួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ គ្រឿងឧបភោគបរិភោគ ជាច្រើនមុខសម្ភារៈប្រើប្រាស់ផ្សេងៗទៀត និងថវិកា១លានរៀល៕