(កំពង់ធំ)៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានពាំនាំអំណោយរបស់សាខាកាកបាទក្រហម ទៅចែកជូនប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរា ចំនួន៤៥៧គ្រួសារ ស្ថិតនៅពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សុខ លូ បានថ្លែងថា នេះគឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្ររបស់ សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក និងចាស់ជរា ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ អ្វីឡើយ។ លោកអភិបាលខេត្តបានបន្តថា «ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម» ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជនជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល។

លោក សុខ លូ បានបន្តថា ណែនាំដល់ប្រជាពលរដ្ឋពីគោលបំណងកំណែទម្រង់ស៊ីជម្រៅវិស័យជលផល និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ឲ្យយល់កាន់តែច្បាស់ពីយុទ្ធនាការនៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងឲ្យលុបបំបាត់ការប្រើប្រាស់ ឧបករណ៍ឆក់ត្រជាក់ ឆក់ក្ដៅ យាំងកាវ ឈិបរុញដោយប្រើកម្លាំងម៉ាស៊ីន អួនអូស និងលូស្បៃមុង ដែលឧបករណ៍បង្កគ្រោះថ្នាក់ដល់ធនធានជលផល ម្យ៉ាងវិញទៀតលោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ចេះស្រឡាញ់ធនធានធម្មជាតិ រួមគ្នាគោរពច្បាប់លុបបំបាត់បទល្មើសនេសាទ។

ចុងបញ្ចប់លោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព ពិសារអាហារដែលចម្អិនបានល្អ ផឹកស្អាត រស់នៅមានអនាម័យ បើមានជំងឺឈឺឆ្កាត់ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលមកទទួលផល បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលយកព្រះទ័យ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់អំណោយដែលត្រូវចែកដល់គ្រួសារទីទ័លក្ររួមមាន៖ អង្ករ៣០គីឡូក្រាម ត្រីខ១យួរ មី១កេស និងឃីដ១កញ្ចប់៕