(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដឹកនាំដោយលោក ហ៊ុយ វណ្ណៈ រួមទាំងសមាជិក-សមាជិកា បានចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះករុណព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៥ឆ្នាំ នៅថ្ងៃអាទិត្យទី១៥ ខែតុលា ឆ្នាំ២០១៧នេះ។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ន្ធកម្ពុជាមានប្រសាសន៍ថា «ព្រះបរមរតនកោដ្ឋ» នៅតែជានិមិត្តរូបនៃការរំលឹកយើងទាំងអស់គ្នាជាប្រជាជនកម្ពុជាឲ្យប្រកាន់ខ្ជាប់នូវ «ស្មារតីសាមគ្គីភាពជាតិ» ជាធំ។ «ព្រះបរមរតនកោដ្ឋ» មានស្នាព្រះហស្ថដ៏ថ្លៃថ្លាជាច្រើនអនេក ហើយក្នុងនោះស្នាព្រះហស្ថដ៏ថ្លៃថ្លាដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន គឺព្រះរាជបូជនីយកិច្ចទាមទារ «ឯករាជ្យ» ពីបរទេសជូនជាតិនិងប្រជាជនកម្ពុជា។ កូនចៅជំនាន់ក្រោយនឹងនៅតែប្តេជ្ញារួមគ្នាបន្តរក្សា «ឯករាជ្យ» និង «អធិបតេយ្យជាតិ» មិនអនុញ្ញាតឲ្យបរទេសណាជ្រៀតជ្រែក ដណ្តើម និងបំផ្លិចបំផ្លាញបានជាដាច់ខាត។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ន្ធកម្ពុជាមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា វប្បធម៌នៃការគោរពវរៈជនគឺសំខាន់ណាស់ ហើយវប្បធម៌នេះបង្កើតបាននូវស្មារតីជាតិ អត្តសញ្ញាណជាតិ តម្លៃជាតិ កិត្តិយសជាតិ និងសាមគ្គីជាតិដ៏រឹងមាំ។

ពិធីគោរពព្រះវិញ្ញាណក្ខន្ធដើម្បីរំលឹកដល់គុណូបក្ការៈនៃ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈនាឱកាសនេះ គឺមានការចូលរួមពីថ្នាកដឹកនាំមន្ត្រីរាជការស្ថាប័នថ្នាក់ជាតិទាំងអស់សរុប៥៤ស្ថាប័ន៕