(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យទី១៥ ខែតុលា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោក លោកស្រីអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ភូមិ និងយុវជន បានបន្តចុះផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍ជាច្រើនដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់ជូនដល់កម្មករ កម្មការិនី ក្នុងរយៈពេលកន្លងមក និងឆ្នាំ២០១៨ខាងមុខ ឲ្យកាន់តែយល់ច្បាស់ រួមមានការតម្លើងប្រាក់ខែគោល នៅឆ្នាំ២០១៨ ការបញ្ចុះតម្លៃអគ្គិសនី និងអត្ថប្រយោជន៍ផ្សេងៗទៀត ព្រមទាំងសំណេះសំណាលសាកសួរសុខទុក្ខ ដើម្បីទទួលសំណើសំណូមពរ និងតម្រូវការនានារបស់បងប្អូនកម្មករ នៅតាមផ្ទះជួលផ្ទាល់ក្នុងមូលដ្ឋានខណ្ឌដង្កោ។

ចំពោះការងារចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ជាច្រើដែលសម្តេចតេជោបានផ្តល់ជូន និងសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករនេះ រដ្ឋបាលខណ្ឌបានយកចិត្តទុកដាក់អនុវត្តរៀងរាល់ថ្ងៃអាទិត្យ នៃសប្តាហ៍នីមួយៗ ឲ្យបានដល់គ្រប់ផ្ទះជួលទាំងអស់ក្នុងមូលដ្ឋាន។

សម្រាប់សប្តាហ៍នេះក្រុមការងារបានចុះទៅដល់ផ្ទះជួល ក្នុងសង្កាត់ចំនួន០៣ គឺសង្កាត់ដង្កោ សង្កាត់ពងទឹក និងសង្កាត់ប្រទះឡាង។

ក្នុងឱកាសនោះក្រុមការងារបាន ផ្សព្វផ្សាយអត្ថប្រយោជន៍ជាច្រើន ដែលជាគោលនយោបាយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីផ្តល់ជូនដល់កម្មករ រួមមាន៖ ប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ ក្នុងមួយខែ (ប្រាក់ខែគោល) និងបូករួមប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ការបញ្ចុះតម្លៃអគ្គិសនី បញ្ចុះតម្លៃទឹកស្អាត។

ការផ្តល់ការគាំពារសន្តិសុខសង្គម ដល់កម្មករ ចាប់ពីខែមករា ឆ្នាំ២០១៨ គឺម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវបង់ថ្លៃរបបសន្តិសុខសង្គម១០០% ដល់កម្មករ កម្មការិនី ដែលបងប្អូនកម្មករ អាចនៅសល់ប្រាក់ប្រមាណ ៨.០០០រៀល ទៅ ១២.០០០រៀល។ ជាមួយគ្នានេះ កម្មករ កម្មការិនីទាំងអស់ទទួលបានការពិនិត្យព្យាបាលជម្ងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌។

ចំពោះស្ត្រីមានផ្ទៃពោះ សម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល០៣ខែ និងទទួលបានប្រាក់ខែ ១២០% លើសពីនេះ កម្មការិនី នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល នៅពេលសម្រាលកូនដោយ អ្នកសម្រាលកូន០១ ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលកូនភ្លោះ០២ បានទទួល៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ០៣ ទទួលបាន១លាន ២០ម៉ឺនរៀល។

កម្មករកម្មការិនី ទទួលបានសេវាជិះរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ (Free) រយៈពេល ០២ឆ្នាំ (ពីខែសីហា ឆ្នាំ២០១៧- ខែសីហា ឆ្នាំ២០១៩) ហើយនៅឆ្នាំ២០១៩ កម្មករទាំងអស់ នឹងទទួលបានប្រាក់សោធនិវត្តន៍ (ប្រាក់រ៉ឺត្រែត) ដែលនឹងទទួលបានចំនួន៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់ទទួលបាននៅពេលធ្វើការចុងក្រោយ។

លោកអភិបាលបានសំណូមពរដល់ម្ចាស់ផ្ទះជួលកុំឲ្យតម្លើងថ្លៃផ្ទះជួល ដើម្បីជួយឲ្យបងប្អូនកម្មករមានលទ្ធភាពរកប្រាក់ចំណូលបានបន្ថែម និងជីវភាពប្រសើរឡើង ហើយម្ចាស់ផ្ទះជួលបានឯកភាពទៅតាមអនុសាសន៍អំពាវនាវរបស់សម្តេចតេជោ គឺមិនតម្លើងថ្លៃឈ្នួលផ្ទះឡើយ នៅឆ្នាំ២០១៨ខាងមុខ។

បន្ថែមលើនេះ លោកអភិបាល បានសាកសួរអំពីកង្វល់ បញ្ហា និងតម្រូវការនានារបស់បងប្អូនកម្មករ ដើម្បីយកមកដោះស្រាយជូនទាន់ពេលវេលា ដូចជាការងារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ជាដើម។

បងប្អូនកម្មករកម្មការិនីទាំងអស់ បានភាពរីករាយ និងអបអរសាទរចំពោះអត្ថប្រយោជន៍ដែលសម្តេចតេជោបានផ្តល់ជូនដល់ពួកគាត់កន្លងមក និងបន្ថែមថ្មីៗខាងមុខទៀត ព្រមទាំងថ្លែងអំណរគុណសម្តេចតេជោ នាយករដ្ឋមន្ត្រី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់បញ្ហា និងការលំបាកនានារបស់ពួកគាត់ ព្រមទាំងដោះស្រាយជូនបានទាន់ពេលវេលា ធ្វើឲ្យពួកគាត់កាន់តែមានជីវភាពកាន់តែល្អប្រសើរឡើង ក្រោមម្លប់សន្តិភាពនៅទូទាំងប្រទេស ដោយមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។