(ភ្នំពេញ)៖ ខណៈប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននឹកស្តាយស្រណោះ អតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុវរ្ម័ន «ព្រះបរមរនតកោដ្ឋ» ដែលបានសោយទីវង្គតកាលពី៥ឆ្នាំមុននោះ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ តាមបណ្ដាក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាព ក៏ដូចជារដ្ឋបាលរាជធានី-ខេត្ត ពោលគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បានដឹកនាំរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្តព្រះបរមរនតកោដ្ឋ ជាហូរហែផងដែរ។

អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុវរ្ម័ន ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់បានយាងចូលទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ពោលកន្លងទៅអស់រយៈពេល៥ឆ្នាំមកហើយ។

ជាការពិតណាស់ ដើម្បីសម្ដែងនូវការនឹករលឹកនូវព្រះរាជគុណដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបាន ចំពោះស្នាព្រះហស្បដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រទេសកម្ពុជា និងសម្រាប់ប្រជារាស្ត្រខ្មែររបស់ព្រះអង្គនោះ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ អង្គភាព-ស្ថាប័ន និងឥស្សរជន បានរៀបចំពិធីគោរពព្រះវិញ្ញាក្ខន្តព្រះអង្គយ៉ាងអធឹកអធ័ម។

សូមទស្សនាទិដ្ឋភាព នៃការរៀបចំការគោរពវិញ្ញាក្ខន្ធតាមបណ្តារាជធានីខេត្តមួយចំនួន៖

១៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធឡើងក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ រួមទាំងបណ្ដាខណ្ឌទាំង១២ទៀតផងដែរ។

២៖ រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធឡើងក្រោមអធិបតីភាពលោក គង់ វិមាន អភិបាលរងខេត្ត និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ។

៣៖ រដ្ឋបាលខេត្តកោះកុង ប្រារព្ធឡើងក្រោមអធិបតីភាពលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្ត រួមទាំងព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

៤៖ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធឡើងក្រោមអធិបតីភាពលោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ។

៥៖ រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងមន្ត្រីក្រោមឱវាទ។

៦៖ រដ្ឋបាលខេត្តសៀមរាប ប្រារព្ធឡើងក្រោមអធិបតីភាព លោក ឃឹម ប៊ុនសុង អភិបាលខេត្ត ដែលមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជុំវិញខេត្ត។

៧៖ រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធឡើងក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្ត ដែលមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជុំវិញខេត្ត។

៨៖ រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធឡើងក្រោមអធិបតីភាពលោក ឡី ចាន់ឆាយ ប្រធានក្រមប្រឹក្សាខេត្ត លោក កើត​​ សុធា និងលោកស្រី ​គង់ ស្តី ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរ មន្ត្រីក្រោមឱវាទ និងកងកម្លាំងប្រដាប់អាវុធជុំវិញជាច្រើននាក់ទៀត។

ជាមួយនឹងបាច់ផ្កាមួយបាច់ៗ ថ្នាក់ដឹកនាំ និងអ្នកចូលរួមបានសម្ដែងនូវអាកប្បកិរិយាស្មឹងស្មាធិគោរពព្រះវិញ្ញាណក្ខន្ធរបស់ ព្រះបរមរតនកោដ្ឋ យ៉ាងក្រៀមក្រំ៕