(ភ្នំពេញ)៖ នៅ​វេលារសៀល​ម៉ោង​២ជាង​ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧​នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឃួ​ង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ប្រារព្ធពិធី​ទទួល​ស្ពាន​ព្រែក​ព្នៅ បន្ទាប់​ពី​ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ​បាន​សម្រេច​ទិញ​ផ្តាច់​ពី​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ ដើម្បី​ទុកជា​សម្បត្តិ​សាធារណៈ​វិញ និងឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ដោយឥតគិតថ្លៃ។

ពិធី​ប្រគល់​ទទួល​ស្ពាន​ព្រែក​ព្នៅ​នោះ ធ្វើ​នៅ​ចំណុច​បញ្ជរ​បង់ប្រាក់​ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងលិច ដោយ​មានការ​ចូលរួម​ពីមន្ត្រី​រាជការនៃក្រសួងសាធារណការ រដ្ឋបាលរាជធានី​ភ្នំពេញ និង​តំណាង​ក្រុមហ៊ុន លី យ៉ុ​ង​ផាត់ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

សូមជម្រាបថា ចាប់ពីម៉ោង១២៖០០នាទី ឈានចូលថ្ងៃទី១៥ ខែតុលានេះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និងស្ពានព្រែកព្នៅ ដោយមិនមានបង់ប្រាក់ដូចមុនទៀតឡើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន សម្រេចទិញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនោះមកគ្រប់គ្រងវិញ៕