(ភ្នំពេញ)៖ សេចក្តីស្នើច្បាប់ នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ទី១) ត្រូវបានកិច្ចប្រជុំសភាពេញអង្គ អនុម័តរួចហើយ ដោយសម្លេង៦៧លើ៦៧ នេះបើយោងតាមការប្រកាសរបស់កិច្ចប្រជុំសភាពេញអង្គ នាមុននេះបន្តិចនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។

សូមជំរាបថា លោក ជាម យៀប តំណាងឲ្យក្រុមតំណាងរាស្រ្តហត្ថលេខីទាំង ៤៩រូប បានលើកឡើងថា ច្បាប់ដែលស្នើឲ្យធ្វើវិសោធនកម្មទាំង៤នេះ គ្មានអ្វីពាក់ព័ន្ធបំផ្លិចបំផ្លាញបុគ្គល និងគណបក្សនយោបាយណាមួយឡើយ តែធ្វើឡើងដោយយោងតាមស្ថានភាពនយោបាយ និងការបត់បែននយោបាយ។

លោក ជាម យៀប​ បានបន្តថា ការស្នើនេះដោយមើលឃើញអំពីការប្រព្រឹត្តបទល្មើសក្បត់ជាតិធ្ងន់ធ្ងររបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលតំណាងរាស្រ្តមកពីគណបក្សកាន់អំណាចមិនអាចទទួលយកបាននោះទេ។

សេចក្តីស្នើច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលសភាពេញអង្គពិភាក្សា និងអនុម័តរួមមាន៖
១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖​ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕