(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ​ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសម្រួលចរាចរណ៍ ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលជិតឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ការថ្លែងបញ្ជាក់យ៉ាងដូច្នោះ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អញ្ជើញបើកវគ្គបំប៉នការងារចរាចរណ៍ផ្លូវគោក ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក
ដែលបានរៀបចំធ្វើឡើងនៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន បានថ្លែងបញ្ជាក់ទៀតថា អគ្គស្នងការដ្ឋាននគរបាលជាតិ មានផែនការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ គឺបានដាក់ចេញឲ្យកងកម្លាំងនគរបាលទូទាំងប្រទេស មិនត្រឹមតែនគរបាលចរាចរណ៍នោះទេ គឺកងកម្លាំងផ្សេងៗទៀត ទី១៖ រក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបាន១០០ភាគរយ ដើម្បីឲ្យប្រជាពលរដ្ឋ មកកម្សាន្តសប្បាយទទួលបានភាពកក់ក្តៅ, ទី២៖ នគរបាលចរាចរណ៍ផ្លូវគោក ត្រូវរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ឲ្យបានល្អកុំឲ្យមានការកកស្ទះ, ទី៣៖ នគរបាលចរាចរណ៍ត្រូវធ្វើការអប់រំផ្សព្វផ្សាយ និងរឹតបន្តឹងបញ្ហាស្រវឹងនៅពេលយប់ ក៏ដូចជាត្រួតពិនិត្យនៅដើមទី កុំឲ្យមានការដឹកលើសចំណុះ និងដឹកសំពីងសំពោងជាដើម។

សូមជម្រាបថា បើតាមរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកា តាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋចូលរួមកម្សាន្ដសប្បាយរីករាយ អបអរសាទរប្រពៃណីទំនៀមទំលាប់ជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បៈគ្រប់ទាំង៣ថ្ងៃ។

​ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះ​ ឲ្យបានឱឡារឹក ស្របតាមលក្ខណៈប្រពៃណីជាតិ និងសភាពការណ៍សេដ្ឋកិច្ច ជាក់ស្តែងរបស់ប្រទេសជាតិ និងធានាសុវត្ថិភាព និងការសប្បាយផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលខុសត្រូវ តាមភារកិច្ចរៀងៗខ្លួនដើម្បីធានាថា ព្រះរាជពិធីនេះ ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។

អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំជារៀងស្នាក់នៅរបស់កម្លាំងចំណុះទូកដែលនឹងមកចូលរួម រួមទាំងការរៀបចំបង្គន់អនាម័យ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងឲ្យបានសមរម្យផងដែរ ហើយទីតាំងសម្រាប់ចំណុះទូកស្នាក់នៅឆ្នាំនេះ គឺស្ថិតនៅប៉ែកខាងជើងស្ពានជ្រោយចង្វារទាំងអស់ ដោយមិនអនុញ្ញាតិឲ្យមកស្នាក់នៅ ឬសំចតនៅប៉ែកខាងត្បូងស្ពានទេ។

តាមការឲ្យដឹងពីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិបញ្ជាក់ថា ចំនួនទូក​ង ទូកចែវ ដែលត្រូវចូលរួមប្រណាំងឆ្នាំ២០១៧នេះ មានចំនួន២៧០ទូក កើនលើសឆ្នាំ ទៅដែលមានតែ២៥៧ទូកប៉ុណ្ណោះ។

ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំឲ្យមានទីតាំងសប្បាយភាពចំនួន៥កន្លែងមាន ៖កោះពេជ្រ, មុខវត្តបុទមវត្តី, វត្តភ្នំ និងទីតាំងដែលកីឡាករចំណុះទូកស្នាក់នៅ និងសួនច្បារសម្តេចហ៊ុន សែន នៅត្រើយខាងកើតជ្រោយចង្វាត្រង់រូបសំណាក់ប្រាជ្ញាបារមី៕