(ភ្នំពេញ)៖ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ) នៅចំណុចមុខស្ថានទូតបារាំង ផ្លូវព្រះមុន្នីវង្សភូមិទី៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។

អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានប្រាប់មកអង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះថា ជនសង្ស័យទាំង៤នាក់ខាងលើរួមមាន៖ ទី១- ឈ្មោះ ឡេង ឆេងគ័រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគៀនឃាំង ផ្លូវ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ, ទី២- ឈ្មោះ សួន ពិទូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះភូមិគៀនឃាំង ផ្លូវលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ, ទី៣- ឈ្មោះ ភឿន សុវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២ សាលាវិទ្យាល័យជ្រោយចង្វា មានទីលំនៅផ្ទះភូមិគៀនឃាំងផ្លូវ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងទី៤- ឈ្មោះ ប៉ុន ដារ៉ាវុធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកអធិការបានបន្តថា បន្ទាប់ពីមានករណីខាងលើនេះកើតឡើងភ្លាមៗ កម្លាំងនគរបាលរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ ស្រាវជ្រាវរហូតឈានដល់ការចាប់បានជាបន្តបន្ទាប់តែម្តង។

បើតាមលោកអធិការ ក្នុងនោះកម្លាំងនគរបាលបាន ដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូចំនូន២គ្រឿង ម៉ាក NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GM-4930 និងម៉ាក NEX ពណ៌សបិតស្កុត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY-5846។ ជនរងគ្រោះ ឈ្មោះមិនស្គាល់ ភេទស្រី អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ មិនបានដាក់ពាក្យបណ្តឹង។ សម្ភារបាត់បង់រួមមាន៖ កាបូបស្ពាយចំនួន១ មិនដឹងមានសម្ភារអ្វីទេ (មិនបានដាក់ពាក្យបណ្តឹង) ត្រូវជនសង្ស័យបោះចោល ទៅក្នុងទន្លេលើស្ពានជ្រោយចង្វា ពេលកម្លាំងនគរបាលម៉ូតូដេញតាមពីក្រោយ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើនេះ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕