(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនក្រុមចោរឆក់យ៉ាងសកម្មចំនួន២នាក់ នៅក្នុងទឹកដីខណ្ឌដូនពេញ និងដកហូតម៉ូតូ១គ្រឿង ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយពីប្រជាពលរដ្ឋតាមដងផ្លូវបាន សម្រេចចំនួន២ករណី ក្នុងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា មុនឈានដល់ការបង្ក្រាបក្រុមចោរឆក់ទាំង២នាក់ ខាងលើនេះ មន្ត្រីជំនាញបានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ជាមួយកម្លាំង នគរបាលខណ្ឌដូនពេញ និងមានការបញ្ជាដោយផ្ទាល់ពីនាយឧត្តសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបន្តថា ជនសង្ស័យត្រូវឃាត់ខ្លួនទី១៖ ឈ្មោះ អ៊ុន សុភ័ក្រមិត្ត អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២៧៧ ផ្លូវ១៦១ សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា, និងទី២៖ ឈ្មោះ លី ហុងចៃ អាយុ១៨ឆ្នាំ មុខរបរមិនប្រាក ស្នាក់នៅផ្ទះលេខ១៣៧ ផ្លូវលេខ១៦១ សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ក្រោយបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាក្រុមចោរឆក់ទាំង២នាក់ បានដកហូតម៉ូតូ១គ្រឿងម៉ាក Beat ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ ១GO-០៥៥១ ដើម្បីសួរនាំយកចម្លើយ ស្រាប់តែប៉ុន្មានម៉ោងក្រោយពួកគេ បានឆ្លើយសារភាពថា កាលពីអំឡុងថ្ងៃទី១០ ខែសីហា កន្លងទៅធ្លាប់បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច២ករណីរួចមកហើយ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១១០ ក្នុងភូមិទី៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រហូតមកដល់រសៀលថ្ងៃទី៨ ខែតុលា ពួកគេបានបន្តធ្វើសកម្មភាពឆក់កាបូប បានសម្រេច១ករណីទៀត នៅត្រង់ចំណុចខាងមុខក្រសួងរ៉ែ និងឋាមពល តាមបណ្ដោយផ្លូវលេខ៥១ ក្នុងភូមិ៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងត្រូវនគរបាលខណ្ឌដូនពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕