(ភ្នំពេញ)៖ ប្រទេសកម្ពុជា អាចនឹងមានប្រព័ន្ធផ្កាយរណបប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីបម្រើដល់វិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យា វិស័យសោតទស្សន៍ វិស័យការពារជាតិនិងសន្តិសុខជាតិ និងវិស័យពាក់ព័ន្ធនឹងការប្រើប្រាស់ បណ្តាញទូរគមនាគមន៍ដទៃទៀត នៅឆ្នាំ២០២១ បន្ទាប់ពីមាន​ការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Royal Group របស់អ្នកឧញ៉ា គិត ម៉េង និងរាជរដ្ឋាភិបាល។

អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា លោក អ៊ឹម វត្ថា បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ថា គម្រោងបាញ់បង្ហោះផ្កាយរណបដំបូងគេនៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ដែលធ្វើឡើងរវាង​ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនមួយរបស់ប្រទេសចិន ក្រោមការសម្រួបសម្រួល ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។

លោកបញ្ជាក់ទៀតថា ជាក់ស្ដែងនៅថ្ងៃទី១៦ ខែតុលានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយ ស្ដីអំពីគម្រោងបង្ហោះផ្កាយរណបនេះ ដោយមានការចូលរួមពីក្រសួងស្ថាប័នរដ្ឋ និងប្រតិបត្តករក្នុងវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំប្រតិបត្តិករក្នុងវិស័យសោតទស្សន៍ មកពិគ្រោះយោបល់ថាតើ ពួកគេមានតម្រូវការប្រព័ន្ធផ្កាយរណទំហំប៉ុណ្ណា។

បើតាមការបញ្ជាក់របស់លោក អ៊ឹម វត្ថា ជំហានដំបូងដែលកំពុងការសិក្សានេះ ទំហំវិនិយោគលើការបាញ់បង្ហោះផ្កាយរណបអាចនឹង​មានទឹកប្រាក់១៥០លានដុល្លារអាមេរិក ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Royal Group និងរាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមថា តាម​ការគ្រោងទុក ការសិក្សាគម្រោងបង្ហោះប្រព័ន្ធផ្កាយរណប អាចចំណាយពេល១ឆ្នាំ ហើយបន្ទាប់ពីបញ្ចប់ការសិក្សាភាគីចិន ដែលជាអ្នកទទួលខុសត្រូវការផ្គត់ផ្គង់បច្ចេកទេស អះអាងថា នឹងបាញ់បង្ហោះបាន នៅរយៈពេល៣ឆ្នាំក្រោយ បានសេចក្ដីថា នៅឆ្នាំ២០២១ ឬ២០២២ កម្ពុជានឹងមានប្រព័ន្ធផ្កាយរណប ប្រើប្រាស់ដោយខ្លួនឯង។

អ្នកនាំពាក្យដដែលរូបនោះ បានបញ្ជាក់ទៀតថា ការប្រើប្រាស់ប្រព័ន្ធផ្កាយរណប ជាបញ្ហាចាំបាច់មួយ សម្រាប់វិស័យការពារជាតិ និងសន្ដិសុខវិស័យទូរគមនាគមន៍របស់កម្ពុជា ដោយនឹងជួយបំពេញចន្លោះខ្វះខាត ចំពោះតំបន់ណាដែលមិនមានខ្សែកាបអុបទិកទៅដល់ និងគ្មានសេវាទូរស័ព្ទនោះ និងក៏ជាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មួយ សម្រាប់បម្រុងផងដែរ ទៅលើបណ្តាញកាប្លិ៍អុបទិក ត្រូវបានកាត់ផ្តាច់ដោយយថាហេតុ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្ដីការថ្មី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីខែធ្នូ ឆ្នាំ២០១៦ បានជម្រុញឲ្យឧកញ៉ា គិត ម៉េង សហការចាប់ដៃគូរជាមួយក្រុមហ៊ុនផ្សេងទៀត ក្នុងការបាញ់បង្ហោះ​ផ្កាយរណបផ្ទាល់ខ្លួនដើម្បីបម្រើដល់វិស័យទូរគមនាគមន៍ និងវិស័យពាក់ព័ន្ធដទៃទៀតនៅកម្ពុជា៕