(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News ដែលកំពុងយកព័ត៌មាន នៅកន្លែងកើតហេតុ បានបញ្ជាក់នៅមុននេះ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ឱ្យដឹងថា ស្រ្តីរងគ្រោះជាតារាចម្រៀង និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ឈ្មោះ សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើង បាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗ។ ប៉ុន្តែអ្វីដែលរន្ធត់ទៅទៀតនោះ គឺខ្មាន់កំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯង ពីតាមក្រោយផងដែរ។

លោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលកំពុងនៅកន្លែងកើតហេតុ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា មុនពេលកើតហេតុស្ដ្រីរងគ្រោះ សាន ស្រីឡៃ (បច្ចុប្បន្នជាតារាចម្រៀង ​ប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស) បានដើរចូលទៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ស្រាប់តែភ្លាមៗនោះ មានឃាតកបានជិះម៉ូតូមកបាញ់ចំនួនបីគ្រាប់ ទៅលើស្ដ្រីរងគ្រោះបណ្ដាលឲ្យដួលស្លាប់ភ្លាមៗតែម្ដង។

យ៉ាងណាក៏ដោយ អំពើឃាតកម្ម​ដ៏សាហាវនេះ មិនទាន់មានសមត្ថកិច្ចរូបណា ចេញមកអះអាងជាផ្លូវការ អំពីមូលហេតុនៅឡើយនោះទេ ដោយពេលនេះកំពុងតែជួយអន្ដរាគមន៍ និងសួរនាំស៊ើបអង្កេតដើម្បីស្វែងរកការពិត ដោយសារតែខ្មាន់កាំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯងផងដែរ។

តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដដែលបានបញ្ជាក់ថា នៅកន្លែងកើតហេតុក៏បានបន្សល់ទុកម៉ូតូមួយគ្រឿងរបស់ជនសង្ស័យ ដែលជាឃាតកបាញ់សម្លាប់ សាន ស្រីឡៃ ព្រមទាំងកាំភ្លើងមួយដើមផងដែរ៕