(ភ្នំពេញ)៖ តំណាងថ្នាក់ដឹកនាំជាស្រ្តី ស្រ្តីមន្រ្តីរាជការស៊ីវិល ស្រ្តីនគរបាល ស្រ្តីកងទ័ពគ្រប់ក្រសួង-ស្ថាប័ន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ បានចេញញត្តិគាំទ្រ និងថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវ គោលនយោបាយ និងវិធានការថ្មីៗនេះ។

ញត្តិរបស់តំណាងថ្នាក់ដឹកនាំជាស្រ្តី ស្រ្តីមន្រ្តីរាជការស៊ីវិល ស្រ្តីនគរបាល ស្រ្តីកងទ័ពគ្រប់ក្រសួង-ស្ថាប័ន ដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី ម៉ែម សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានសរសេរថា៖ ការដាក់ចេញនូវគោលនយោបាយ និងវិធានការទាំងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាល ក្រោមមគ្គុទេស ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការលើកស្ទួយស្រ្តីកម្ពុជា ដោយប្រែក្លាយ គោលនយោបាយសមភាពយេនឌ័រ ឱ្យទៅជាសកម្មភាពជាក់ស្តែង។

ញត្តិបានបញ្ជាក់ទៀតថា ម្យ៉ាងវិញទៀត ការផ្តួចផ្តើមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺជាឥស្សរជនឆ្នើមជាន់ខ្ពស់ និងជាប្រមុខរាជរដ្ឋាភិបាលមួយរូប ដែលឱ្យតម្លៃលើ ធនធានស្រ្តី ដែលមានសក្តានុមពល ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រទេសកម្ពុជាឈានទៅសម្រេច បានជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ នឹងក្លាយទៅជាប្រទេស អភិវឌ្ឍនៅក្នុងឆ្នាំ២០៥០ តាមការរំពឹងទុក។

ខាងក្រោមនេះជាញត្តិតំណាងថ្នាក់ដឹកនាំជាស្រ្តី ស្រ្តីមន្រ្តីរាជការស៊ីវិល ស្រ្តីនគរបាល ស្រ្តីកងទ័ពគ្រប់ក្រសួង-ស្ថាប័ន៖