(ក្រចេះ)៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបើកវគ្គបំប៉នដល់នគរបាលចរាចរណ៍ផ្លូវគោក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០១៧ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង និងប្រតិបត្តិការ ប្រកបដោយភាពម៉ឹងម៉ាត់ ថ្លៃថ្នូរ មានក្រមសីលធម៌ គុណធម៌ ក្នុងការចុះអនុវត្តន៍ ទៅតាមគោលដៅនីមួយៗ។

ពិធីបើកវគ្គបំប៉នខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍​ត្រី ហន ប៉ូច ស្នងការរងទទួលការងារសណ្ដាប់ធ្នាប់ និងមានការចូលរួមពីសិក្ខាកាមចំនួន៤៩នាក់ មកពីតាមបណ្ដាស្រុក-ក្រុងផងដែរ។

លោកឧត្តមសេនីយ៍​ត្រី ហន ប៉ូច បានលើកឡើងថា ជំនួសមុខឲ្យថ្នាក់ដឹកនាំ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងក្នុងនាមខ្ញុំផ្ទាល់​ ខ្ញុំសូមសំដែងនូវមនោសញ្ចេតនា សោមមនស្សរីករាយយ៉ាងក្រៃលែង ដែលរូបខ្ញុំបាទ ត្រូវបានថ្នាក់ដឹកនាំចូលរួមក្នុងពិធីបើកវគ្គនាពេលនេះ។

លោក ហន ប៉ូច បានបញ្ជាក់ថា ការបើកវគ្គបំប៉នការងារ​នគរបាលចរាចរណ៍ផ្លូវគោក គឺផ្អែកទៅតាមលិខិត្តរបស់អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសណ្ដាប់ធ្នាប់ សាធារណៈ ចុះថ្ងៃទី១១ខែតុលា ឆ្នាំ២០១៧​ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង និងប្រតិបត្តិការ ប្រកបដោយភាពម៉ឹងម៉ាត់ ថ្លៃថ្នូរ មានក្រមសីលធម៌ គុណធម៌ ក្នុងការចុះអនុវត្តន៍ទៅតាមគោលដៅនិមួយៗ។

លោកថា ប្រសិនបើនគរបាលជាតិ យើងពុំមានសមត្ថភាព គ្មានក្រមសីលធម៌ ខ្វះគុណធម៌នោះ ធ្វើឲ្យការបំពេញភារកិច្ច ជំនាញទៅគោលដៅ ត្រួតពិនិត្យអនុវត្តន៍ច្បាប់ ចំណតទីប្រជុំជន តាមផ្សារ ជួបនៅបញ្ហាប្រឈម បាត់បងជំនឿថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋបង្កើតឡើងនូវបាតុភាព បញ្ហាជាច្រើនជះឥទ្ធិពលដល់កម្លាំងនគរបាលជាតិទាំងមូល និងម្យ៉ាងទៀត នាំឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណ ក្នុងការកកស្ទះចរាចរណ៍ជាដើម។

លោកស្នងការរង បន្ដទៀតថា ការបើកវគ្គបំប៉ន ការងារនគរបាលចរាចរណ៍ផ្លូវគោកនៅថ្ងៃនេះ គឺជាកត្តាកំណត់ជោគជ័យ ឬមិនជោគជ័យ អាស្រ័យលើការខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់របស់អស់លោក-លោកស្រី ជាសិក្ខាកាម ដែលមកពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្រុកក្រុង៕