(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជាសាខាចតុមុខ បានសហការជាមួយ ក្រុមហ៊ុន Toyota Cambodia នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ បានបើកសន្និសីទសារព័ត៌មាន ប្រកាសបើកផ្លូវការ យុទ្ធនាការ ដាំដើមឈើទ្រង់ទ្រាយធំ៥ម៉ឺនដើម នៅខេត្តមណ្ឌលគីរី ក្រោមប្រធានបទ «តោះយើងនាំគ្នាដាំដើមឈើ»។ សន្និសីទសារព័ត៌មាន ស្តីពី «តោះយើងនាំគ្នាដាំដើមឈើ» រៀបចំធ្វើនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ នៅក្រុមហ៊ុន Toyota រាជធានីភ្នំពេញ។

យុទ្ធនាការ ដាំដើមឈើទ្រង់ទ្រាយធំ៥ម៉ឺនដើម នៅក្នុងតំបន់កែវសីមា ខេត្តមណ្ឌលគីរី នឹងរៀបចំធ្វើចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីថ្នាក់ដឹនាំ និងសមាជិក សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជាសាខាចតុមុខ និងមន្រ្តីក្រសួងបរិស្ថាន រួមនឹងដៃគូសហការជាច្រើនទៀត។

លោក លី ឧត្តម ប្រធានគម្រោងរៀបចំយុទ្ធនាការនេះ បានលើកឡើងថា យុទ្ធនាការដាំដើមឈើនេះ ទទួលបានការគាំទ្រពីក្រសួង បរិស្ថាន និងសាលាក្រុងភ្នំពេញ ដោយមានការសហការជាមួយ អង្គការ អភិរក្សសត្វព្រៃ (WCS) បានធ្វើយុទ្ធនាការ​មានឈ្មោះថា «Let Plant 2017»

លោក លី ឧត្តម បានបន្ថែមថា យុទ្ធនាការ​ ប្រចាំឆ្នាំរបស់សភាយុវពាណិជ្ជក​រអន្តរជាតិកម្ពុជា សាខាចតុមុខ បានរៀបចំឡើងក្នុង គោលបំណងបង្កើនការយល់ដឹង អំពីសារៈសំខាន់នៃព្រៃឈើ និងដើមឈើ ក្នុងបុព្វហេតុ ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងការឡើងកម្តៅ នៅលើភពផែនដី។ យុទ្ធនាការនេះ ក៏នឹងផ្តល់ឱកាសសម្រាប់ឲ្យប្រជាពលរដ្ឋ និងយុវជន ព្រមទាំងក្រុមហ៊ុន ចូលរួមចំណែក​បំពេញកាតព្វកិច្ច និងកិច្ចការងារអភិវឌ្ឍជ្រុងមួយ នៃសង្គមទាំងមូល ក្នុងន័យអភិវឌ្ឍ​ប្រកបដោយចីរភាព។

ប្រធានគម្រោងវ័យក្មេងរូបនេះ បានបញ្ជាក់ថា យុទ្ធនាការដាំដើមឈើនេះ នឹងរៀបចំធ្វើនៅឆ្នាំក្រោយទៀត ដោយគ្រោងធ្វើនៅ ខេត្តព្រះវិហារ ក្នុងចំនួនដើមឈើ៥ម៉ឺនដើម ឬអាចច្រើនជាងនេះបន្ថែមទៀត។

ជាមួយគ្នានោះ លោក ហ៊ីរ៉ូយូគី អ៉ីតូស អគ្គនាយកក្រុមហ៊ុន Toyota Cambodia  បានបញ្ជាក់ឲ្យដឹងថា នេះជាលើកទី២ហើយ ដែល ក្រុមហ៊ុន Toyota បានសហការជាមួយអង្គការសភាយុវពាណិជ្ជករអន្តរជាតិចូលរួមថែរក្សា និងមានទំនួលខុសត្រូវ នៅក្នុងប្រទេសកម្ពុជា ជាពិសេស ការដាំដើមឈើនេះ បានធ្វើឡើងនៅក្នុងខេត្តមណ្ឌលគីរី និងខេត្តបន្ទាយមានជ័យ។

អគ្គនាយកក្រុមហ៊ុន Toyota Cambodia បានលើកឡើងថា យ៉ាងណាក៏ដោយ សម្រាប់ក្រុមហ៊ុន Toyota គ្រោងនឹងបង្កើតផែនការ មួយចំនួនទៀត ក្នុងការចូលរួមចំណែកកាត់បន្ថយកំដៅផែនដី ដោយកមណត់ឡើងនូវ Toyota Global Enviroment Challenge 2050។

លោក ហ៊ីរ៉ូយូគី អ៉ីតូស បានបន្ថែមថា ជារៀងរាល់ឆ្នាំនៅខែមិថុនា ក្រុមហ៊ុនតូយ៉ូតា តែងតែប្រារព្ធឡើងនូវ Toyota Global Enviroment Month ដើម្បីចែករំលែកនូវការទទួលខុសត្រូវរបស់យើងចំពោះបរិស្ថាន និងធ្វើការវិនិយោគលើការផលិតរថយន្ត ដែលប្រសើរជាងមុន ក្នុងការថែទាំបរិស្ថាន ដើម្បីអោយពិភពលោក ដែលយើងរស់នៅមានភាពប្រសើរឡើង។

គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ពោលគឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តឧត្តរមានជ័យ បានរៀបចំយុទ្ធនាការ «Let Plant 2016» ដោយជោគជ័យ បន្ទាប់មកបានដាំដើមឈើ ប្រមាណ១,១​០០ដើម និងមានអ្នកចុលរួមប្រមាណ៥០០នាក់។ កូនឈើទាំងនោះ ត្រូវបានព្រះតេជគណ អនុគណខេត្តឧត្តរមានជ័យ និងអ្នកផ្តួចផ្តើមបង្កើត ព្រៃអភិរក្សសង្ឃរុក្ខវ័ន្ត ព្រះគុណ ប៊ុន សាឡូត មើលថែទាំ និងដាំដុះ​បានយ៉ាងល្អ។

ចំណែកនៅឆ្នាំនេះ យុទ្ធនាការរបស់​JCI បានផ្តោតលើប្រធានបទ «Everyone Matters Evey Trees Matters» មានន័យថា «មនុស្សគ្រប់គ្នាសំខាន់ ដើមឈើគ្រប់ដើមក៏សំខាន់ សុទ្ធតែសំខាន់ដូចគ្នា»។ យុទ្ធនាការនេះ ធ្វើឡើង​ជា២ដំណាក់កាលដែលដំណាក់ កាលទី១ ធ្វើនៅរាជធានីភ្នំពេញ​ ដោយមានការដំាំកូនឈើ​២ពាន់ដើម នៅសាលា និងវត្តអារាម និងដំណាក់កាលទី២ នឹងធ្វើនៅមូលដ្ឋាន​ក្នុងតំបន់កែវសីមា ក្នុងខេត្តមណ្ឌលគិរី ដោយដាំដើមឈើ៥ម៉ឺនដើម នៅក្នុងសហគមន៍មូលដ្ឋាន៕