(សៀមរាប)៖ កិច្ចប្រជុំថ្នាក់តំបន់អាស៊ី ប៉ាស៊ីហ្វិក និងការ៉ាបៀន សម្រាប់ត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ របស់អង្គការ WTO បានបើកដំណើរការហើយនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ លើទឹកដីនៃទីក្រុងអង្គរ។

ពិធីនេះធ្វើឡើងក្រោមគណៈអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហង់រី ម៉ុងសូ (Henri MONCEAU) ឯកអគ្គរាជទូតនៃស្ថានបេសកកម្មអចិន្ត្រៃយ៍របស់អង្គកាអន្តរជាតិ នៃបណ្តាប្រទេសនិយាយភាសាបារាំងនៅអង្គការសហប្រជាជាតិ និងអង្គការ WTO  និងលោក សាអ៊ីដ អ៊ែល ហាជីមី (Saïd EL HACHIMI)ទីប្រឹក្សាផ្នែកព័ត៌មាន និងទំនាក់ទំនងខាងក្រៅរបស់អង្គការ WTO។

កិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិកអង្គការ OIF រួមមាន៖ បារាំង បេណាំង វៀតណាម ហៃទី និងឡាវ ព្រមទាំងតំណាងរបស់អង្គការអន្តរជាតិនានា ប្រមាណ១០០នាក់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុង គោលបំណងពិភាក្សា និងពិគ្រោះយោបល់អំពីកាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយលើបញ្ហានានា ដូចជា ការលើកស្ទួយផលិតផលធ្វើពីកប្បាស វិស័យជលផល គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មមិនកំណត់ពន្ធគយ និងបរិមាណដែលមិនទាន់ បានដោះស្រាយរួចស្រេច ក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកកន្លងទៅ ដើម្បីលើកយកមកពិភាក្សា បន្តនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១នៅពេលខាងមុខ។

នៅក្នុងសន្ទរកថាបើកកម្មវិធី លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីសារៈប្រយោជន៍នៃការផ្តល់ជំនួយបច្ចេកទេសពី ប្រទេសអភិវឌ្ឍន៍ មកកាន់ប្រទេសអភិវឌ្ឍន៍តិចតួច និងបានជំរុញឲ្យបណ្តាប្រទេសសមាជិកចូលរួម លើកយកមកពិភាក្សានូវបញ្ហាប្រឈម ជុំវិញការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ទីក្រុងដូហា ដែលផ្តល់ភាពអនុគ្រោះចំពោះប្រទេសអភិវឌ្ឍន៍តិចតួចលើវិស័យអទិភាពចំនួន២០ ព្រមទាំងបានជំរុញឲ្យប្រទេសអភិវឌ្ឍន៍បំពេញឲ្យបានពេញលេញនូវការសន្យាផ្តល់ការលើកលែងពន្ធនិងបរិមាណ (Duty-Free-Quota-Free)។

លោករដ្ឋមន្រ្តីបន្តថា ក្នុងនាមជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជានឹងខិតខំធ្វើយ៉ាងណាឲ្យអាចឈានដល់ ការបញ្ចប់សកម្មភាព នៃរបៀបវារៈទីក្រុងដូហា ដែលនៅពុំទាន់អនុវត្តបានពេញលេញ។  

លោករដ្ឋមន្ត្រី បានថាថា «…សេចក្តីប្រកាសទីក្រុងដូហា បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់លើការផ្តល់ជំនួយបច្ចេកទេស ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសគឺការសន្យាផ្តល់ការលើកលែងពន្ធនិងការកម្រិតបរិមាណ ដល់ទំនិញដែលមានប្រភពមកពី ប្រទេសកំពុងអភិវឌ្ឍ។… យើងគួរទទួចឲ្យបណ្តាប្រទេសអភិវឌ្ឍន៍ដែលពុំទាន់បានអនុវត្តការសន្យារបស់ខ្លួនបានពេញលេញ ឲ្យអនុវត្តការសន្យាទាំងនេះបានឆាប់រហ័ស ស្របតាមសេចក្តីសម្រេចនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីទីក្រុងហុងកុង ឆ្នាំ២០០៥ ហើយយើងគួរបូកសរុបនូវផែនការសកម្មភាពដែលបានកំណត់ក្នុងប្បញ្ញត្តិនៃការអនុគ្រោះដោយឡែកនិងពិសេស [S&DT]»

ក្នុងឱកាសនោះដែរ លោក ហង់រី ម៉ុងសូ បានលើកឡើងថា ដោយមានការខិតខំប្រឹងប្រែង និងកិច្ចសហការពីសំណាក់ក្រសួងពាណិជ្ជកម្ម កម្ពុជានិងអង្គការ OIF កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើយ៉ាងណាឲ្យ មានការចូលរួមពីសំណាក់គ្រប់ភាគី ពាក់ព័ន្ធដើម្បីពិភាក្សា និងពិគ្រោះយោបល់សម្រាប់ត្រៀមរៀបចំចូលរួមកិច្ចសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ៉្សង់ទីន ក្នុងរយៈពេលពីរខែខាងមុខ។

លោកក៏បាប្រាថ្នាចង់ឃើញនូវពិភពលោកមួយដែលរីកចម្រើន មានចរាចរទំនិញ និងកម្លាំងពលកម្ម មានបំលាស់ប្តូរបច្ចេកវិទ្យា និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ លោក ហង់រឺ ម៉ុងសូ បានសង្កត់ធ្ងន់ថា ការឧបត្ថម្ភធនលើផលនេសាទ នឹងបំផ្លាញផលនេសាទ ហើយធ្វើឲ្យប៉ះពាល់ប្រព័ន្ធពាណិជ្ជកម្ម ហើយកិច្ចសហប្រតិបត្តិការខាងត្បូងរវាងបណ្តាប្រទេសផលិត និងប្រទេសកែច្នៃកប្បាស ក្នុងវិស័យកប្បាស ក្នុងកម្រិតអន្តរជាតិ គឺពិតជាមានសារៈសំខាន់។

លោកក៏បានថ្លែងអំណរគុណ ដែលកម្ពុជាបានរៀបចំកិច្ចប្រជុំ ដើម្បីទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ និងបានកោតសរសើអំពីសម្រស់ នៃខេត្តសៀមរាប។

លោក សាអ៊ីដ អ៊ែល ហាជីមី បានថ្លែងបន្ថែមថា ក្នុងពិភពលោកដែលប្រកបដោយភាពមិនប្រាកដប្រជា ភាសាបារាំងគឺជាផ្នែកមួយនៃ កម្លាំងចលករ ក្នុងការជំរុញបណ្តាប្រទេសជាសមាជិកក្នុងអង្គការ WTO ឲ្យបានដើរតួនាទីជាយុទ្ធសាស្ត្រ ក្នុងទំនាក់ទំនងទ្វេភាគីលើវិស័យ បរិស្ថាន ពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត រវាងប្រទេសអភិវឌ្ឍន៍ ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុង ពិភពលោក។

លោក សាអ៊ីដ បានលើកឡើងថា មានសកម្មភាពផ្សេងៗទៀត ដែលត្រូវពិភាក្សាបន្តនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ រួមមានបញ្ហា ទាក់ទងវិស័យ កសិកម្ម បច្ចេកវិទ្យា យានយន្ត និងការធ្វើពាណិជ្ជកម្ម ផលិតផលអេឡិចត្រូនិច សហគ្រាសធនតូចនិងមធ្យម។ លោកបាន អំពាវនាវឲ្យមានការពិភាក្សាអំពីបញ្ហាទាក់ទងនឹងវិស័យពាណិជ្ជកម្ម ក្នុងបណ្តាសាកលវិទ្យាល័យ ដើម្បីឲ្យនិស្សិតនៃបណ្តាប្រទេសពាក់ព័ន្ធ បានស្វែងយល់អំពីផលប៉ះពាល់ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកក៏មានបំណងឲ្យមានការលើកកម្ពស់វិស័យឯកជនក្នុងបណ្តា ប្រទេសនិយាយ ភាសាបារាំង លើសពីបញ្ហាទាក់ទងនឹងវិស័យកប្បាស និងជលផល។ លោកក៏ចោទជាសំនួរថា តើនណាជាអ្នកទទួល ខុសត្រូវចំពោះការចាកចេញរបស់ប្រទេសអង់គ្លេស ពីសហភាពអឺរ៉ុប? តើនណាជាអ្នកប៉ាន់ប្រមាណ និងស្នើប្រទេសមហាអំណាច ចំពោះការ ចាកចេញរបស់ប្រទេសតូចៗមួយចំនួនទៀត នៅក្នុងពិភពលោកដែលគ្មានភាពច្បាស់លាស់នោះ?

នៅក្នុងសេចក្តីប្រកាសរួមនៃសន្នីសិទថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងហុងកុង ឆ្នាំ២០០៥ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង បានសន្យាផ្តល់ការលើកលែងពន្ធ និងមិនកម្រិតបរិមាណ លើមុខទំនិញនាំចេញពីប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍តិចតួច(LDC) ទៅកាន់ទីផ្សារនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង។ រហូតមកដល់ពេលនេះ ប្រទេសអភិវឌ្ឍន៍មួយចំនួននៅមិនទាន់ បានផ្តល់ការលើកលែងពន្ធពីការនាំចេញទៅកាន់ទីផ្សាររបស់ខ្លួន ឲ្យបានពេញលេញនៅឡើយទេ។

ប្រទេសអូស្រ្តាលី ណូវែលហ្សឺឡង់ ណរវ៉េ និងស្វ៊ីស បានផ្តល់នូវការអនុគ្រោះពន្ធទូទៅចំនួន ១០០% សហគមន៍អឺរ៉ុបបានផ្តល់ចំនួន៩៩% កាណាដា ៩៨.៦% ជប៉ុន ៩៧.៩% ចិន ៩៧% ហើយសហរដ្ឋអាមេរិកបានផ្តល់ត្រឹមតែ ៨២.៦% ប៉ុណ្ណោះ។ ដើម្បីជំរុញការអនុវត្តការសន្យា ស្តីពីការលើកលែងពន្ធ និងមិនកម្រិតបរិមាណ ឲ្យបានពេញលេញ បណ្តាប្រទេសអភិវឌ្ឍន៍តិចតួចបានរៀបចំផែនការសកម្មភាពនានា ដើម្បីលើកជាប្រធានបទមកពិភាក្សានៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ ក្រោមក្របខ័ណ្ឌ WTO នៅប្រទេសអាហ្សង់ទីន នាចុងឆ្នាំ ២០១៧ខាងមុខ៕