(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងខ្លាំងៗទៅកាន់ប្រទេសមហាអំណាច ដែលត្រូវបានគេឲ្យឈ្មោះថា ជាបិតាប្រជាធិបតេយ្យនោះថា តើសហរដ្ឋអាមេរិក មានបានគិតពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែរទេ នៅពេលគេទម្លាក់គ្រាប់រាប់លានតោន រួមមានគ្រាប់បែកគីមីផងដែរនោះ មកលើប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋខ្លះ នៅពេលកើតកូនមកខ្លះក្បាលធំ ខ្លះភ្នែកលៀន រស់នៅក្នុងទុក្ខវេទនា ខ្លោចផ្សារដោយសារគ្រាប់បែករបស់អាមេរិក។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន គឺសំដៅលើគ្រាប់បែកគីមីរបស់អាមេរិក ដែលបានទម្លាក់ និងបន្សល់ទុកនៅក្នុងភូមិសាស្ត្រឃុំគីគរ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយត្រូវបានមន្ត្រីជំនាញរកឃើញគ្រាប់បែកជាច្រើនគ្រាប់ កប់ក្នុងដី បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើសុខភាពរបស់ប្រជាពលរដ្ឋ។

ការថ្លែងខ្លាំងៗរប​ស់សម្តេចតេជោ ហ៊ុន​ សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ ១៥,២១១នាក់ មកពីរោងចក្រចំនួន១០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងតំបន់កំបូលក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «បន្ទាប់ពីការចុះពិនិត្យរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅតំបន់រងគ្រោះនៃអាវុធគីមី ដែលទម្លាក់ដោយ សហរដ្ឋអាមេរិក នៅទសវត្សរ៍៧០ នឹងត្រូវដាក់បញ្ជូលមិនត្រឹមតែឃុំមួយទេ (ឃុំគគីរ) អាចមានច្រើនឃុំផ្សេងទៀត។ ឥឡូវនេះរកឃើញកាន់តែច្រើនហើយ ជាសោកនាតកម្ម ដែលបានកើន នៅក្នុងប្រទេសរបស់យើង តើនោះគេបានគិតដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ! ប្រជាពលរដ្ឋរបស់យើងនៅក្នុងប្រមាណឃុំនាទីកន្លែងនោះ កូនកើតមកខ្លះក្បាលធំ ខ្លះភ្នែកលៀន ហើយសាម៉ីខ្លួនត្រូវរមាស់ ស្ទើរតែជាមនុស្សកើតឃ្លង់ តើនេះអស់លោកបាននិយាយពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឬអត់? អស់លោកមិនបានគិតទេ នៅពេលដែលអស់លោកកេះកៃកាំភ្លើង បាញ់មកលើយើង សម្លាប់យើង គ្រាប់បែករាប់លានតោន បានទម្លាក់នៅក្នុងប្រទេសរបស់យើង ឥឡូវយើងត្រូវបង្កើតនូវតំបន់ព្យាបាល ហើយរកវិធីបន្សាបចោលនូវអាវុធគីមីនេះ ហើយយើងដាក់ប្រជាពលរដ្ឋក្នុងតំបន់នេះ ចូលទៅក្នុងកម្មវិធីសមធម៌ សម្រាប់ការព្យាបាលជំងឺដោយឥតគិតថ្លៃ»

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ ប្រជាពលរដ្ឋឃុំគីគរ ទីដែលសំបូរដោយគ្រាប់បែកគីមី ទម្លាក់ដោយសហរដ្ឋអាមេរិក ចំនួន១៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគាត់ មានរោគសញ្ញារមាស់លើដងខ្លួន និងមានភាពមិនប្រក្រតីនៃរាយកាយ។

សូមបញ្ជាក់ថា កម្លាំងអាជ្ញាធរជាតិអាវុធគីមី និងកម្លាំងមជ្ឈមណ្ឌលបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានរកឃើញវត្តមានគ្រាប់ បែកគីមីបន្សល់ពី សម័យសង្រ្គាមរហូតដល់ ១៥ទីតាំងហើយនៅក្នុងឃុំគគីរ។ តាមការប៉ាន់ស្មានអាចនឹងមានគ្រាប់បែកជាច្រើនទៀត បន្សល់នៅក្នុងឃុំនេះ ដែលមិនទាន់រកឃើញនៅឡើយ។

ជាមួយគ្នាក្រសួងសុខាភិបាល ក៏បានរកឃើញកុមារតូចៗ៣នាក់ផងដែរ បានរងឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិក រហូតធ្វើឲ្យពួកគេកើត មកមានភាពមិនប្រក្រតីដូចជាមាត់វៀច ក្បាលធំ និងរមាស់ពេញខ្លួនជាដើម។ កុមារទាំង៣នេះ នឹងត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ក្រោមការតាមដានពិនិត្យផ្ទាល់ពីក្រសួងសុខាភិបាល។

ទន្ទឹមជាមួយការរកឃើញកុមារកើតមកមានភាពមិនប្រក្រតីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបង្កើតមណ្ឌលសុខភាពមួយ នៅលើតំបន់រងការវាយប្រហារដោយគ្រាប់បែកគិមីនេះ ដើម្បីផ្តល់សេវាពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមរំលឹកដែរថា ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម គឺជាទីតាំងទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លាមួយនៅក្នុង សម័យសង្រ្គាមវៀតណាម។ គ្រាប់បែកជាច្រើនប្រភេទ រួមទាំងគ្រាប់បែកគីមីផង បានបន្សល់មកដល់ពេលបច្ចុប្បន្ននេះ។ កងកម្លាំងអាជ្ញាធរជាតិគិមី និងស៉ីម៉ាក់ បានបើកប្រតិបត្តិការបោសសំអាតគ្រាប់បែកគីមីរបស់អាមេរិក នៅក្នុងឃុំគគីរ ចាប់តាំងពីដើមខែតុលា នេះមកម្ល៉េះ។ មកដល់ពេលនេះមានគ្រាប់បែកគីមីមួយគ្រាប់​ ហើយត្រូវបានយកចេញពីក្នុងដី ទៅរក្សានៅកន្លែងសុវត្ថិភាពមួយ។ កងកម្លាំងជំនាញ ក៏នឹងបន្តបោសសំអាតគ្រាប់បែកគិមីនេះ រហូតដល់អស់ពីក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ៕