(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកកិច្ចការព្រំដែន បានដឹកនាំគណៈប្រតិភូព្រំដែន ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែមកម្ពុជា-វៀតណាម នៅក្នុងចំណុចព្រំប្រទល់ខេត្តកណ្តាល កម្ពុជា និងអានយ៉ាង របស់វៀតណាម។

​ក្នុងឱកាសចុះត្រួតពិនិត្យបង្គោលព្រំដែនបំពេញបន្ថែមនេះ លោកស្រី កុល ពិសី បានចុះសំណេះសំណាលសួរសុខទុក្ខដល់ កងទ័ពកម្ពុជា ដែលឈរជើង វរៈការពារព្រំដែនគោក៦០៥ ប៉ុស្តិ៍តំបូកចែវ និងប៉ុស្តិ៍ព្រែកស្បូវ ហើយក្នុងពិធីសំណេះសំណាលនេះ លោកស្រីបានឧបត្ថម្ភដល់ទាហានកម្ពុជា ដោយមួយប៉ុស្តិ៍ ទទួលបានមីយើងមួយកេះធំ ត្រីខ២កេះ និងថវិកា២០ម៉ឺនរៀល។

កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ភារកិច្ចឲ្យកងវិស្វកម្ម របស់កងយោធពលខេមរភូមិន្ទ មានភារកិច្ច​ ធ្វើផ្លូវ​នៅតាមបណ្ដោយព្រំដែន និង​ទទួលភារកិច្ចបោះបង្គោលព្រំដែន ផងដែរ។

សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែន សរុបចំនួន ៣១៤ ទីតាំងបង្គោល។ បើតាមការបញ្ជាក់ របស់គណៈកម្មាធិការព្រំដែន បានឱ្យដឹងថា រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែនរវៀងកម្ពុជា-វៀតណាម បានរួចរាល់ចំនួនជាង ៨៤ភាគរយហើយក្នុងចំណោមព្រំដែនសរុប៕