(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា បងប្អូនដែលមានមុខរបររត់តាក់ស៊ី ទាំងអាជីពក្តី ឬអត់អាជីពក្តី គឺសុទ្ធតែជាធនធានមនុស្សដ៏មានសារៈសំខាន់ ព្រោះថាអ្នកទាំងនោះ បានធ្វើដំណើរគ្រប់ច្រកល្ហករាល់ថ្ងៃ អាចបានដឹងព័ត៌មានពីមូលដ្ឋានច្រើន ជាពិសេសអ្នកទាំងនោះបានបម្រើ និងដឹកជញ្ជូនភ្ញៀវទេសចរណ៍ ប្រកបដោយក្រមសីលធម៌ និងភាពថ្លៃថ្នូរ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងចែកអាវឯកសណ្ឋាន គ្រួសារអ្នករត់តាក់ស៊ីទូទាំងខេត្ត ជិត១០០នាក់ ដែលពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ ខេ អឹម ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង សង្កាត់ និងបងប្អូនក្រុមគ្រួសារអ្នករត់តាក់ស៊ីយ៉ាងច្រើនកុះករ។

លោក ម៉ៅ ធនិន បានថ្លែងថា នេះជាលើកទី២ហើយ ដែលលោកបានជួបសំណេះសំណាល ជាមួយបងប្អូនអ្នករត់តាក់ស៊ីទាំងអស់ទូទាំងខេត្ត ជិត១០០នាក់ ហើយថ្ងៃនេះលោកចង់ឃើញនូវស្នាមញញឹម របស់បងប្អូនអ្នករត់តាក់ស៊ីទាំងអស់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងគ្នា ងាយស្រួលពេលមានបញ្ហាអ្វីកើតឡើង ត្រូវជួយគ្នាទៅវិញទៅមក ក្នុងនាមគ្រួសារតែមួយ។ លោកបានថ្លែងការកោតសរសើរដោយស្មោះ ចំពោះបងប្អូនអ្នករត់តាក់ស៊ី ដែលបានខិតខំរកស៊ីទទួលទាន សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ដោយសុច្ចរិត ថ្លៃថ្នូរ និងប្រកបដោយភាពសុខសាន្ត។

លោកបានថ្លែងទៀតថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមជាមេគ្រួសារ លោកបានសំណូមពរទៅដល់បងប្អូនអ្នករត់តាក់ស៊ីទាំងអស់ ត្រូវខិតខំប្រឹងប្រែង តស៊ូ ព្យាយាម អត់ធ្មត់ ចេះរួបរួមសាមគ្គីជួយគ្នាទៅវិញទៅមក ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយបើមានករណីណាមួយកើតឡើង សូមរាយការណ៍ ឬទូរស័ព្ទមកលោកដោយផ្ទាល់ ដើម្បីរួមគ្នាធ្វើការសម្របសម្រួល ដោះស្រាយភ្លាមៗ និងត្រូវមានជំនឿជឿជាក់មកលើរដ្ឋអំណាចមូលដ្ឋាន ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាល ខិតខំកសាងបានសមិទ្ធផលជាច្រើន ដូច្នេះត្រូវថែរក្សាការពារសមិទ្ធផលនោះ ឲ្យបានយូរអង្វែងដល់កូនចៅយើងជំនាន់ក្រោយៗទៀត។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានអំពាវឲ្យអ្នកទទួលម៉ៅការបេន ក្នុងឱកាសពិធីបុណ្យជាតិផ្សេងៗ ជាពិសេសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែនាពេលខាងមុខ សូមកុំឡើងថ្លៃ សូមយកកម្រៃតែ៥០%ពីសៀវភៅបន្ទុកបានហើយ ចំពោះបងប្អូនក្រុមគ្រួសារអ្នករត់តាក់ សូមកុំឡើងថ្លៃដូចគ្នា។ ក្រុមគ្រួសារអ្នករត់តាក់ស៊ី និងអ្នកទទួលម៉ៅការបេន ជិត១០០នាក់ បានគាំទ្រការអំពាវនាវរបស់លោក ម៉ៅ ធនិន ដែលជាមេគ្រួសារ និងបានទទួលយក អាវឯកសណ្ឋាន១ សារុង១ និងអង្ករ១ការ៉ុងគ្រប់ៗគ្នា ព្រមទាំងបានពិសាបាយសាមគ្គី ជួបជុំគ្នានាឱកាសនោះផងដែរ៕