(ភ្នំពេញ)៖ នៅសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងរបស់អាជ្ញាធរខណ្ឌ លបឆ្មក់ឡោមព័ទ្ធបង្ក្រាបអ្នកញៀនល្បែងក្នុងមួយសំបុកមានចំនួន១០នាក់ ដកហូតបានទូហ្គេមបាញ់ត្រី ១២គ្រឿង ក្នុងនោះមានទូហ្គេមពង់ចំនួន១០គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង របស់លោកស្រី ទ្រី មួយហ័ង តាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខាងលើនេះ និងត្រូវបានអនុវត្តជាបន្តបន្ទាប់តាមគោលការណែនាំពីអភិបាល រាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី ហើយចំពោះម្ចាស់ទីតាំងផ្សេងៗ ដែលបច្ចុប្បន្នកំពុងលួចលាក់ បើកល្បែងហ្គេមបាញ់ត្រី ឬត្រៀមលក្ខណៈបើកល្បែងភ្នាល់ស៊ីសង ដែលជ្រកក្រោមស្លាកយីហាមានច្បាប់ គ្រប់ប្រភេទត្រូវបញ្ឈប់សកម្មភាព ជាបន្ទាន់បើមិនដូច្នេះទេប្រាកដជាប្រឈម និងវិធានបង្ក្រាបដោយមិនអាចលើកលែងបានឡើយ។

លោក ប្រាជ្ញ សីហា បានបញ្ជាក់ទៀតថា ក្រោយពីបង្ក្រាបក្រុមអ្នកញៀនល្បែងទាំង១០នាក់ បាននិងកំពុងសាកសួរបណ្ដោះអាសន្ន និងណែនាំអប់រំ ដើម្បីអនុញាតឲ្យត្រឡប់ទៅផ្ទះវិញ តែចំពោះទូហ្គេមទាំង១២គ្រឿង ត្រូវបានដកហូតយកមករក្សាទុក និងបិទទាំងទីតាំងនោះចោលផងដែរ៕