(ភ្នំពេញ)៖ ពិតជាទឹកចិត្តគួរឲ្យសរសើរ ខណៈដែលចាងហ្វាងផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា បានចំណាយថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីចូលរួម ក្នុងកិច្ចការជួយដល់សង្គម ជាពិសេសគឺជួយដល់កាកបាទក្រហមកម្ពុជា នូវទឹកប្រាក់ប្រមាណ១០០លានរៀល និងមន្ទីរពេទ្យ «គន្ធបុប្ផា» ប្រមាណ៥០​លានរៀល ដែលជាជំនួយមនុស្សដ៏ធំមួយ សម្រាប់ជួយដល់កុមារ និងជនទីទ័លក្រ ឬជួបគ្រោះទុរភិក្សផ្សេងៗ។

ពិធីប្រកាសឧបត្ថម្ភថវិកា ជួយដល់កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យ គន្ធបុប្ផា នៅពេលនេះ ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតទីតាំងក្រុមហ៊ុន វីឡាកូនកាត់របស់លោកឡេង ណាវ៉ាត់ត្រា​ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខ័ណ្ឌពោធិសែនជ័យ​ ដោយមានការចូលរួមជាអធិបតី ពីសំណាក់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ និងប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ប្រចាំខណ្ឌពោធិសែនជ័យ, លោក ឌួង អេលីត ប្រធានពិធីការនៃកាកបាទក្រហមកម្ពុជា, លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy, អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និង​លោក ហេង ឡុង ជាស្វាមី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ទៀត។

លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy បានថ្លែងឲ្យដឹងថា មូលហេតុដែលលោកចំណាយថវិកាផ្ទាល់ខ្លួន ជួយដល់កាកបាទក្រហម និងមន្ទីរពេទ្យ គន្ធបុប្ផា នៅពេលនេះ គឺក្នុងគោលបំណង ចូលរួមចែករំលែកក្ដីលំបាក ដល់បងប្អូន ក៏ដូចជាកុមារនៅទូទាំងប្រទេស ដែលកំពុងជួបប្រទះ នូវការខ្វះខាតយ៉ាងខ្លាំង ហើយក៏ជាវប្បធម៌​ចែករំលែកមួយ នៅក្នុងសង្គមកម្ពុជា ដែលរូបលោកផ្ទាល់ បានហែលឆ្លងនូវជីវិតក្រលំបាក វេទនា ជាច្រើនមកហើយ ទើបលោកយល់ពីអារម្មណ៍ របស់អ្នកក្រខ្សត់។

លោកបានបន្តថា ម្យ៉ាងទៀត លោកក៏ចង់ចូលរួមជួយសង្គមជាតិ តាមអ្វីដែលអាចធ្វើបាន ព្រោះការងារសប្បុរធម៌ គឺជាក្ដីបំណងប្រាថ្នា​ ​តាំងពីយូរណាស់មកហើយ ក្នុងន័យ​ដើម្បីឲ្យមានការចេះ​ចែករំលែក​ធនធាន ទោះបីជាលោកពុំមែន​ ជាអ្នកមានឋានៈបុណ្យស័ក្តិ មានអំណាច ដូចអ្នកដទៃក្ដី។ ​​​​​​

ដោយឡែកលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ និងប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ប្រចាំខណ្ឌពោធិសែនជ័យ ក៏បានថ្លែងកោតសរសើរ នូវទឹកចិត្តដ៏ជ្រះថ្លា របស់លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy និងជាម្ចាស់ក្រុមហ៊ុនលក់ផ្ទះល្វែង ដែលបានបរិច្ចាគធនធាន ជួយដល់កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យ គន្ធបុប្ផា ដែលកំពុងខ្វះខាត និងត្រូវការជំនួយ ដើម្បីជួយសង្គ្រោះនៅពេលនេះ។

លោកអភិបាលខណ្ឌ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ឡេង ណាវ៉ាត់ត្រា និងបានចាត់ទុកទង្វើនេះ ជាការចូលរួមចំណែកជួយសង្គមយ៉ាងធំធេង ដែលអ្នកសិល្បៈ ក៏ដូចជាអ្នកមានធនធានដទៃទៀត គួរយកគំរូតាម និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ​ ទាំងអស់គ្នា៕