(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ខិតខំរិះរកវិធីអប់រំណែនាំដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឲ្យពួកគាត់បង្កើនការគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ និងបង្កើនការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតែស្ថិតក្នុងការព្រួយបារម្ភ។

ការអំពាវនាវរបស់ប្រមុខក្រសួងមហាផ្ទៃយ៉ាងដូច្នេះ នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី៣ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី អគ្គស្នងការនគរបាលជាតិ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស អភិបាលខេត្តរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។

សម្តេចក្រឡាហោមបានលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ នៅតែស្ថិតក្នុងការព្រួយបារម្ភនៅឡើយ ហើយក្នុងនាមជាមន្រ្តីរាជការដែលបម្រើប្រជាពលរដ្ឋ ត្រូវខិតខំធ្វើយ៉ាងណារកវិធីណែនាំដល់ប្រជាពលរដ្ឋបន្ថែមទៀត ឲ្យពួកគេបង្កើនការគោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ ដែលបានកើតឡើងជារៀងរាល់ថ្ងៃ។

សម្តេចក្រឡាហោម ស ខេង ថ្លែងយ៉ាងដូច្នេះថា «ភាគីពាក់ព័ន្ធទាំងអស់ គប្បីបង្កើតនូវស្ពតខ្លីៗបន្ថែមទៀត ដើម្បីអប់រំដល់ប្រជាពលរដ្ឋយើង ពីព្រោះថា ស្ពត់ខ្លះផ្សព្វផ្សាយនៅតាមទូរទស្សន៍ផ្សេងៗ ក៏អាចជាការជំរុញ ដល់ពួកគាត់ឲ្យចេះដឹង និងគោរពនូវច្បាប់ចរាចរណ៍នេះដែរ»។

បើតាមរបាយការណ៍បានបង្ហាញថា អត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងត្រីមាសទី៣នេះ មានការធ្លាក់ចុះបើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៦ កន្លងទៅ ប៉ុន្តែសម្តេចក្រឡាហោម នៅតែមានការព្រួយបារម្ភដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនោះ ភាគច្រើនកើតចេញពីការបើកបរម៉ូតូ ហើយគ្រោះថ្នាក់ភាគច្រើន គឺមិនបានគោរពច្បាប់ចរាចរណ៍ជាដើម។

សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវតែពន្លឿនការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សផងដែរ ដូចជាការធ្វើឯកសារម៉ូតូ រថយន្ត ហើយជាងនេះទៀត សម្តេចក្រឡាហោមក៏បានជំរុញដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើអ្វីឲ្យបានត្រឹមត្រូវស្របតាមក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផងដែរ៕