(សៀមរាប)៖ ចាប់តាំងពីរសៀលថ្ងៃទី១៧ ដល់ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ កិច្ចប្រជុំថ្នាក់តំបន់ (អាស៊ី ប៉ាស៊ីហ្វិក និងការ៉ាបៀន) បានគ្របដណ្តប់លើប្រធានបទសំខាន់ៗជាច្រើនដូចជា ប្រតិបត្តិការរបស់ Francophonie ឆ្ពោះទៅកាន់សន្និសីទនៅទីក្រុង Buenos Aires, បរិបទបច្ចុប្បន្ននៃពាណិជ្ជកម្មអន្តរជាតិ, ការអនុវត្តកញ្ចប់ NAIROBI, ការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម, ផលិតផលកប្បាស និងអន្តរទំនាក់ទំនងក្នុងសង្វាក់តម្លៃ។

គោលបំណងសំខាន់នៃកិច្ចប្រជុំទាំងអស់នេះ គឺដើម្បីកំណត់អំពីកាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយចំពោះបញ្ហាប្រឈមនានាពាក់ព័ន្ធជាមួយវិស័យពាណិជ្ជកម្ម សំដៅលើកយកមកពិភាក្សាបន្តនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១១ ដែលគ្រោងនឹងរៀបចំនៅក្នុងខែធ្នូ ខាងមុខ។

នៅក្នុងកិច្ចប្រជុំស្តីពីបរិបទបច្ចុប្បន្ននៃពាណិជ្ជកម្មអន្តរជាតិ - បញ្ហាប្រឈម និងកាលានុវត្តភាព តំណាងប្រទេសចូលរួមបានធ្វើបទបង្ហាញខ្លីៗ ហើយបានផ្តល់នូវទស្សនៈខុសៗគ្នា ចំពោះមូលដ្ឋានគ្រឹះនៃបញ្ហាប្រឈមចំពោះពាណិជ្ជកម្មអន្ដរជាតិ។ កិច្ចប្រជុំនេះ ក៍បានផ្តោតលើការយកចិត្តទុកដាក់ជាពិសេស និងបានតាមដានការអនុវត្តសេចក្តីសម្រេចចិត្តថ្នាក់រដ្ឋមន្រ្តី របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នាពេលកន្លងមកផងដែរ។

ពាក់ព័ន្ធនឹងការអនុវត្តន៍កញ្ចប់ NAIROBI កាលពីឆ្នាំ ២០១៥ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១០ នៅទីក្រុងណៃរ៉ូប៊ី បានអនុម័តការសម្រេចចិត្តរួមមួយ ដើម្បីផលប្រយោជន៍របស់ប្រទេស LDCs ដោយរាប់បញ្ចូលទាំងការប្រែប្រួលនៃទីផ្សារអន្ដរជាតិ និងកែលម្អសមត្ថភាពនាំចេញ និងការចូលរួមនៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។ ប្រទេសបេណាំងបានស្នើឲ្យមានយន្តការថ្នាក់តំបន់មួយ ដែលអាចជួយគ្នាទៅវិញទៅមករវាង LDCs មុនពេលដាក់សុំជំនួយពីបណ្តាប្រទេសអភិវឌ្ឍន៍ ហើយសំណើនេះត្រូវបានគាំទ្រដោយអ្នកជំនាញនៃអង្គការ WTO។ លើសពីនេះ ដើម្បីជំរុញការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ប្រទេសកម្ពុជា បានស្នើដល់ប្រទេសអភិវឌ្ឍន៍ ដែលមានបំណងជួយគាំទ្របច្ចេកទេសដល់ LDCs ធ្វើសេចក្តីជូនដំណឹងជាមុន ដើម្បីប្រទេសក្រីក្រទាំងអស់អាចដាក់ពាក្យស្នើសុំបានទាន់ពេលវេលា។

ដោយឡែកនៅក្នុងកិច្ចប្រជុំស្តីពីកប្បាស និងអន្តរទំនាក់ទំនងក្នុងសង្វាក់តម្លៃ នាពីព្រឹកថ្ងៃទី១៨ ខែតុលា នេះបានពិភាក្សាអំពីកាលានុវត្តភាពថ្មីៗនៃអាជីវកម្មកប្បាស ជាមួយនឹងការផ្លាស់ប្តូរផលិតភាព ដែលទាក់ទងទៅការអភិវឌ្ឍសមត្ថភាពផ្គត់ផ្គង់ ការបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រឈ្នះ-ឈ្នះ រវាងបណ្តាប្រទេសផលិតកប្បាស និងប្រទេសអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌនានា ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរដែលអាចទទួលបានទាំងចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ៕