(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានប្រាប់ទៅកម្លាំងនគរបាល​ខេត្ត និងកងរាជអាវុធហត្ថខេត្ត ព្រមទាំងតំបន់ប្រតិបត្តការសឹងខេត្ត ត្រូវពង្រឹងស្ថិរភាពនយោបាយ គ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពីបច្ចុប្បន្នដល់ក្រោយការបោះឆ្នោតក្រោយឆ្នាំ២០១៨។

ការថ្លែងបែបនេះរបស់អភិបាលខេត្តសៀមរាប ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសដឹកនាំ​ ប្រជុំផ្សព្វផ្សាយស្តីពី វិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

លោក ឃឹម ប៊ុនសុង បញ្ជាក់ទៅកាន់អង្គប្រជុំថា ត្រូវខិតខំផ្សព្វផ្សាយ បកស្រាយ ពន្យល់ជូនប្រជាពលរដ្ឋ​សាធារណជន និងមន្រ្តីរាជាការក្រោមឪវាទ ឲ្យបានទូលំទូលាយ ដើម្បីយល់ដឹងពីឧបាយកល បែបផែនសកម្មភាពដ៏ពិសពុលរបស់គណបក្សសង្គ្រោះជាតិ ដែលឃុបឃិតជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា តាមរយៈការធ្វើបដិវត្តពណ៍។

បន្ថែមពីនេះ លោកអភិបាលខេត្ត បញ្ជាក់ថា ត្រូវបង្កើនការយកចិត្តទុក្ខដាក់លើការងារគ្រប់គ្រងមន្រ្តីក្រោមឱវាទ តាមរយៈការអប់រំសតិអារម្មណ៍ លើការលើកទឹកចិត្តការដោះស្រាយកង្វល់ ការថ្នាំងថ្នាក់ ភាពអសកម្មនានានៅក្នុងអង្គភាពឲ្យបានល្អប្រសើរ ហើយគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវយកចិត្តទុក្ខដាក់គ្រប់គ្រងសហការ នៅក្នុងភូមិសាស្រ្តទទួលខុសត្រូវឲ្យបានហ្មត់ចត់ ដើម្បីរក្សា​បរិយាកាសស្ងប់ស្ងាត់ និងមានវិធានការទាន់ពេល​ទប់ស្កាត់ការញ៉ុះញុង ក្នុងការប្រមួលផ្ដុំតវ៉ានៅមូលដ្ឋាន ឬការនាំមនុស្សទៅរាជធានីភ្នំពេញ ធ្វើបាតុកម្មដើម្បីប្រឆាំងចំណាត់ការចំពោះរឿងក្ដី កឹម សុខា និងគណបក្សសង្រ្គោះជាតិ​។

មួយវិញទៀត ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ​ភូមិ-ឃុំមានសុវត្ថិភាព និងយុទ្ធនាការនានារបស់រាជរដ្ឋាភិបាល ឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីថែរក្សាបរិយាកាសសន្តិសុខ ជារួមនៅគ្រប់ទីកន្លែង និងលើកម្ពស់ការគ្រប់គ្រង ការអប់រំស្មារតីសន្តិអារមណ៍ ដល់មន្រ្តីក្រោមឱវាទ​ឲ្យបានល្អប្រសើរ ជៀសវាងការយល់ច្រឡំ ឬធ្លាក់ក្នុងការញ៉ុះញុងអួសទាញរបស់ពួកប្រឆាំង។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ត្រូវបន្តពង្រឹងអង្គភាពឲ្យបានរឹងមាំ ដើម្បីធានាថា មន្រ្តីទាំងអស់គឺជាកម្លាំងដែលមានឧត្តមគតិស្មោះត្រង់ការពារដាច់ខាត ព្រះមហាក្សត្រ ការពារដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាល និងរដ្ឋអំណាចស្របច្បាប់៕