(ភ្នំពេញ)៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក បានប្រតិកម្មយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាចអហង្ការចំពោះសម្ដី របស់ទណ្ឌិត សម រង្ស៊ី ដែលប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដោយបានចំអកត្រឡប់ទៅវិញថា កងទ័ពជើងទឹកគ្មានហេតុផលណាទៅបះបោរក្បត់ជាតិ ក្បត់រាជរដ្ឋាភិបាលស្របច្បាប់ឡើយ មានតែត្រៀមកំចាត់ជនក្បត់ជាតិខ្មែរ បំផ្លាញសាមគ្គីភាពខ្មែរ ដូចជា សម រង្ស៊ី ទៅវិញទេ។

ការចេញមកប្រតិកម្មពីសំណាក់នាយឧត្តមនាវី ទៀ វិញ យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ពោលគឺក្រោយពីវីដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាល​ ជាភស្តុតាងថ្មីមួយទៀត ចំពោះលោក សម រង្ស៊ី ដែលប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

ជំនួសមុខឲ្យកងទ័ពជើងទឹកទូទាំងប្រទេសកម្ពុជា នាយឧត្តមនាវី ទៀ វិញ បានប្រកាសយ៉ាងដូច្នេះថា «កងទ័ពជើងទឹក គ្មានហេតុផលអ្វីដែលងើបបះបោរក្បត់រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្ត្រីទេ គឺមានតែត្រៀមកំចាត់ និងវាយបំបាក់ក្រុមជនក្បត់ជាតិ ដូចជា សម រង្ស៊ី»។

វីដេអូនេះលោក សម រង្ស៊ី បាននិយាយកាលពីថ្ងៃទីោ៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»។ (សូមស្តាប់ការលើកឡើងរបស់លោក សម រង្ស៊ី)៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។

នៅក្នុងជំនួបជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមកដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នាជាមួយនឹងការនិយាយ នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការហ៊ុនសែន»