(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ដឹកនាំប្រជុំផ្សព្វផ្សាយពីឧបាយកល និងផែនការបដិវត្តន៍ពណ៌ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលអន្ដោប្រវេសន៍ទាំងអស់ ដែលបានរៀបចំឡើយ ដោយក្រុមគណបក្សប្រឆាំងនៅកម្ពុជា ដោយទទួលបានណែនាំ និងបញ្ជាពីមហាអំណាចអាមេរិក។

ការប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី កម្លាំងនគរបាលបានចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយធ្លាយនូវវីដេអូដែលបាននិយាយអះអាងថា សហរដ្ឋអាមេរិក បានហៅខ្លួននៅណែនាំ និងបង្រៀនពីការផ្លាស់ប្ដូរ ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែបប៊ី។

ព្រមពេលជាមួយគ្នានេះ ថ្មីៗនេះក៏បានលេចធ្លាយនូវវីដេអូមួយទៀត ដែលនិយាយដោយទណ្ឌិត សម រង្ស៊ី បានបោះបោរឲ្យកងកម្លាំងប្រដាប់អាវុធបង្វែកាណុង មកផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ថ្លែងក្នុងពិធីផ្សព្វផ្សាយនេះ នាយឧត្តមសេនីយ៍ សុខ ផល បានប្រាប់ទៅកាន់កងកម្លាំងនគរបាលអន្ដោប្រវេសន៍ ត្រូវក្ដោបក្ដាប់សភាពការណ៍ នៅតាមមូលដ្ឋានរបស់ខ្លួន ហើយបើមានសភាពការណ៍អ្វីកើតឡើង ត្រូវរាយការណ៍មកថ្នាក់ដឹកនាំភ្លាមៗផងដែរ៕​