(ភ្នំពេញ)៖ សម្តីរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា កងទ័ពចង់ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យការប្រតិកម្មរបស់កងទ័ពធ្លាក់មកជាបន្តបន្ទាប់។ លោកឧត្តមសេនីយ៍ឯក ណុប រតនា នាយរងសេនាធិការចម្រុះ និងងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំនៃអគ្គបញ្ជាការដ្ឋាន ព្រមទាំងកងទ័ពក្រោមឱវាទបានចេញមកអះអាងថាកងទ័ពទាំងអស់ស្វាមីភក្តិជានិច្ចជាមួយរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន គ្មានថ្ងៃក្បត់នោះឡើយ ផ្ទុយទៅវិញគឺប្រឆាំងជានិច្ចរាល់មហិច្ឆតាអាក្រក់របស់ក្រុមជនក្បត់ជាតិ។

លោកឧត្តមសេនីយ៍ឯក ណុប រតនា បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះថា កងទ័ពគ្មានថ្ងៃក្បត់រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នោះឡើយ។ លោកបន្តថា កងទ័ពទាំងអស់ស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលតែងបានគិតគូរពីសុខទុក្ខរបស់បងប្អូនកងទ័ព និងបានប្រឹងប្រែងដំឡើងប្រាក់បៀវត្សរ៍ជូនកងទ័ព ដូច្នេះកងទ័ពមាន ស្វាមីភក្តិចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលជានិច្ច។

មិនត្រឹមតែបង្ហាញពីការស្ម័គ្រស្មោះចំពោះរាជរដ្ឋាភិបាលនោះទេ លោក ណុប រតនា ថែមទាំងបានបង្ហាញការប្តេជ្ញាប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ជាពិសេសប្រកាសតបតជាមួយលោក សម រង្ស៊ី ដែលលោកចាត់ទុកជាមនុស្សក្បត់ជាតិញុះញង់កងទ័ពឲ្យធ្វើការបះបោរ។

លោក ណុប រតនា បានបញ្ជាក់ជាមួយសម្តីធ្ងន់ៗថា «កងទ័ពគ្មានថ្ងៃបង្វែចុងកាណុងរករាជរដ្ឋាភិបាលនោះឡើយ មានតែបង្វែកាណុងទៅក្រុមមនុស្សក្បត់ជាតិ ដូចជាទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលស្រុកគេចពីសំណាញ់ច្បាប់។ រូបគេកំពុងធ្វើសកម្មភាពក្បត់ជាតិ ដូចបុគ្គល កឹម សុខា កងទ័ពសន្យាកម្ចាត់រាល់អំពើក្បត់ជាតិ ក្បត់ប្រជាជនរបស់ពួកគេជានិច្ច»។

ឧត្តមសេនីយ៍ឯក ណុប រតនា ក៏បានលើកឡើងផងដែរថា កងទ័ពទាំងអស់មានភារកិច្ចរក្សាសុខសន្តិភាព ស្ថេរភាពដែលកំពុងគ្រប់ដណ្តប់ លើដែនដីកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ដោយមិនឲ្យជនមានមហិច្ឆតាអាក្រក់ទាំងឡាយមកបំផ្លាញកម្ពុជាបាននោះឡើយ។

សូមបញ្ជាក់ថា ការសម្តែងប្រតិកម្មរបស់លោក ណុប រតនា បានធ្វើឡើងបន្ទាប់ពីបានឃើញ វីដេអូរបស់លោក សម រង្ស៊ី ដែលបានថ្លែងជាមួយខ្មែរនៅក្រៅស្រុកថា កងទ័ពកំពុងមានបំណងបះបោរផ្តួលរំលំរាជរដ្ឋាភិបាល។ ក្នុងវីដេអូ ថ្លែងជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១១នោះ លោក សម រង្ស៊ី បានថ្លែងថា កងទ័ព កម្លាំងប្រដាប់អាវុធ មានតែបង្វែកាណុងទៅកាន់រាជរដ្ឋាភិបាល ព្រោះតែការរស់នៅរបស់ពួកគេកាន់តលំបាកទៅៗ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់ លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។

ក្នុងជំនួបជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមក ដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នា ជាមួយនឹង ការនិយាយនៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របបហ៊ុនសែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធ បែរចុងកាណុង ផ្តួលរំលំរបបផ្តាច់ការហ៊ុនសែន»៕