(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៤ (ជ្រោះពេជ្រនិល) ចុះពីចំណោតយាយម៉ៅបានក្លាយជាចំណតរថយន្តដឹកទំនិញធំៗ ចតដើម្បីបាញ់ទឹកលាងកង់រថយន្តរបស់ពួកគេ ដែលអាចនាំឲ្យមានការប្រឈមគ្រោះថ្នាក់ផ្សេង និងងាយធ្វើឲ្យកំណាត់ផ្លូវកន្លែងនោះឆាប់ខូវផងដែរ តែគ្មានអាជ្ញាធរពាក់ព័ន្ធណាមានចំណាត់ការនោះឡើយ។

ក្រុមប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ៤ បានរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពក្រុមអ្នករកស៊ីដឹកជញ្ជូនមួយចំនួន ដែលបានយកផ្លូវជាតិដ៏សំខាន់មួយនេះធ្វើជាទីកន្លែងបាញ់លាងរថយន្ដ។ ប្រជាពលរដ្ឋបានលើកឡើងថា សកម្មភាពនេះបាននិងកំពុងបំផ្លាញផ្លូវយ៉ាងខ្លាំង ព្រោះពេលបាញ់ទឹកលាងហើយ ធ្វើឲ្យទឹកដក់នៅលើផ្លូវជាប់ជានិច្ច។

ក្រៅពីធ្វើឲ្យផ្លូវឆាប់ខូចហើយនោះ គេមើលឃើញផងដែរថា ការចតរថយន្តនៅចំណោតដើម្បីលាងរថយន្តវាបង្កការលំបាកដល់ការចរាចរណ៍របស់រថយន្តដទៃ ហើយក៏ងាយនឹងបង្កគ្រោះថ្នាក់ផងដែរ។

ទន្ទឹមការរិះគន់ប្រជាពលរដ្ឋ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋានមេត្តាជួយពិនិត្យ និងមានវិធានការ ចំពោះសកម្មភាពខុសឆ្គងបែបនេះ របស់អ្នករកស៊ីបាញ់ទឹកលាងរថយន្ត ក៏ដូចជាអ្នករកស៊ីដឹកជញ្ជូនមួយចំនួននោះ ដើម្បីថែរក្សាផ្លូវ និងបញ្ចៀសគ្រោះថ្នាក់ផងដែរ។

សូមបញ្ជាក់ផ្លុវជាតិលេខ៤នេះ កាលពីនៅគ្រប់គ្រងដោយក្រុមហ៊ុន គេមិនដែលឃើញមានការរកស៊ីលាងរថយន្ត ហើយក៏មិនដែលឃើញរថយន្ត ទៅឈប់ដើម្បីលាងរថយន្តបែបនេះនោះដែរ៕