(ព្រះវិហារ)៖ ក្នុងគោលបំណងលើកស្ទួយកំរិតជីវភាពរស់នៅ ជូនប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន នៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការប្រកបរបរចិញ្ចឹមជីវិត ដោយប្រកបរបរកសិកម្មនោះ មន្ទីរកសិកម្មខេត្តព្រះវិហារ ដឹកនាំដោយលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីជំនាញជួបប្រជុំជាមួយ មន្ទីរកសិកម្មខេត្តឧប៊ុនរាជធានី ប្រទេសថៃ ក្នុងគោលបំណងបង្ហាញពីយុទ្ធសាស្ត្រ ក្នុងការលើកស្ទួយវិសយ័កសិកម្មនៅខេត្តឧប៊ុនប្រទេសថៃ។

លោក ពឹង ទ្រីដា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះថា កិច្ចប្រជុំរវាងមន្ទីរកសិកម្មខេត្តព្រះវិហារ និងខេត្តឧប៊ុនរាជធានី ប្រទេសថៃ គឺមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅខេត្តឧប៊ុនរាជធានី ហើយការចូលរួមប្រជុំនៅពេលនោះ គឺលោកបានដឹកនាំសហភាពសហគមន៍កសិកម្មខេត្តព្រះវិហារ ចូលរួមផងដែរ ។ លោកថា កិច្ចប្រជុំរវាងមន្ទីរកសិកម្ម នៃប្រទេសទាំង២ គឺផ្តោតសំខាន់ស្តីពីការបង្ហាញអំពីយុទ្ធសាស្ត្រក្នុងការលើកស្ទួយវស័យកសិកម្មដោយផ្តោតសំខាន់លើទី១៖ ការកែច្នៃផលិតផលកសិកម្មឆ្លើយតបតាមតម្រូវការទីផ្សារ, ទី២៖ បង្កើនការទំនាក់ទំនងរវាងសហគមន៍កសិកម្ម នៃខេត្តជាប់ព្រមំដែន នៃប្រទេសទាំងពីរ។

លោក ពឹង ទ្រីដា បានបន្តថា ដោយអនុវត្តន៍តាមការណែនាំរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា ការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ ដែលជាកសិករបានយល់ដឹងអំពីការប្រកបរបរកសិកម្ម តាមបែបសមយ័ទំនើប ដូចជា ការចិញ្ចឹមសត្វ ការដាំដុះ....ជាដើម គឺក្នុងន័យឲ្យពួកគាត់ធ្វើទៅទទួលបានផល និងមិនខាតពេលវេលាដូចបេលមុនៗទៀត។

លោកប្រធានមន្ទីរ ក៏បានសំដែងនូវក្តីមោទនជាមួយប្រជាកសិករផងដែរ ដោយខេត្តព្រះវិហារ ផលិតបាននូវស្រូវសរីរាង្គដែលខេត្តផ្សេងៗ មួយចំនួនមិនទាន់ធ្វើបាន ធ្វើឲ្យក្រុមហ៊ុនធំៗ ចាប់អារម្មណ៍ចុះកុងត្រាទទួលទិញ ដើម្បីនាំចេញទៅលក់នៅទីផ្សារបរទេសជាក់ស្តែងអង្ករព្រះវិហារ ត្រូវបានកត់សម្គាល់ថា លក់ដាច់ខ្លាំងរយៈពេល៩ខែ លក់នៅប្រទេសហ្វាំងឡង់បាន៣៨០តោន៕