(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយលោក សេង គន្ធ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំង និងគ្រឿងចក្រ​ជួសជុលផ្លូវលំមួយខ្សែ ដែលជាផ្លូវលិចទឹកខួបប្រាំងខួបវស្សា និងត្រួតពិនិត្យប្រព័ន្ធប្រឡាយទឹក ដែលបោះបង់ចោលយូរមកហើយ ដើម្បីស្តារឡើងវិញសម្រាប់ជួយជាប្រយោជន៍ដល់ប្រជាក្នុងមូលដ្ឋាន និងកាត់បន្ថយការជន់លិចនៅរដូវភ្លៀងធ្លាក់ខ្លាំង។

លោក ហែម ដារិទ្ធិ បានថ្លែងថា ផ្លូវលំ១ខ្សែខាងលើនេះមានប្រវែងជាង២គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដែលជាផ្លូវលិចទឹកនិងត្រូវបោះបង់ចោលយូរឆ្នាំមក ហើយដោយសារមិនអាចធ្វើដំណើរដោយជិះម៉ូតូ ឬបើករថយន្តឆ្លងកាត់បាន ម្យ៉ាងទៀតកាលពីមុននៅតំបន់នោះមិនសូវមានប្រជាពើរដ្ឋទៅស្នាក់នៅនោះទេ។ ប៉ុន្តែពេលបច្ចុប្បន្ននេះមិនដូចមុនទេកំណើនប្រជាពលរដ្ឋកាន់ តែកើនឡើង ហើយតម្រូវការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវប្រព័ន្ធប្រឡាយលូបង្ហូរទឹកជាដើមគឺជាការចាំបាច់បំផុតជាពិសេសផ្លូវ១ខ្សែនេះ មិនអាចមិនគិតគូបានទេ មិនអាចទុកចោលឲ្យទំនេរតទៅទៀតឡើយ ត្រូវតែជួសជុលាលើងវិញដើម្បីដាក់ជូនប្រជាពលរដ្ឋនៅតំបន់នោះប្រើប្រាស់។

លោក ហែម ដារិទ្ធិ បានបន្តថា ពេលការជួសជុលគឺធ្វើឡើងដោយការចាក់ដីបំពេញបន្ថែមខ្លះៗ និងដាក់គ្រឿងចក្រកាយពង្រាបធ្វើយ៉ាងណាអាច បញ្ចៀសការលិចទឹកតទៅទៀត និងអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានជាបណ្ដោះអាសន្នសិន ព្រោះផ្លូវមួយខ្សែនេះ គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ ដែលនិងត្រូវស្ថាបនាឡើង ដោយការចាក់ក្រាលបេតុង នាឆ្នាំ២០១៨ខាងមុខនេះ ហើយ។ ដូច្នេះលោកក៏ស្នើរសុំជាមុនដល់នប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អាធ្យាស្រ័យរាល់ផលប៉ះពាល់នានា នៅពេលការស្ថាបនាផ្លូវមកដល់ និងចូលរួមក្នុងការអភិវឌ្ឍន៍មូលដ្ឋានទាំងអស់គ្នា។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៏បានបន្តដំណើរទៅធ្វើការពិនិត្យមើល ប្រឡាយទឹក និងប្រព័ន្ធលូបង្ហូរទឹកជាច្រើនកន្លែងនៅតាម ទីកន្លែងនានា នៅក្នុងទូទាំងខណ្ឌពោធិ៍សែនជ័យ ដើម្បីងាយស្រួលរំដោះទឹកចេញមិនឲ្យមានការលិចលង់ភូមិឋានប្រជាពលរដ្ឋខណៈពេលមាន ភ្លៀងធ្លាក់ខ្លាំង។ ដោយឡែកបងប្អូនប្រជាពលរដ្ឋបានសម្ដែងការអបអរសារទនៅពេលដែលលោកអភិបាលខណ្ឌ ធ្វើការជួសជុលផ្លូវលំខាងលើ ដែលមានការបោះបង់ចោលយូរមកហើយនោះឡើងវិញជាពិសេសអ្វីដែលពួកគាត់សប្បាយចិត្តខ្លាំងថែមទៀតនោះ គឺផ្លូវខាងលើ​ និងក្លាយជាផ្លូវបេតុង នាឆ្នាំ២០១៨តែម្ដង៕