(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានហៅសម្តីរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានអំពាវនាវឲ្យកងទ័ពបង្វែរកាណុងកាំភ្លើងទៅរករាជរដ្ឋាភិបាលនោះថា ជាសកម្មភាព និងជាចរិតនៃពូជក្បត់ជាតិ ដែលមានឪពុកមជាជនក្បត់ជាតិធ្លាប់ធ្វើសកម្មភាពប្រឆាំងសម្តេច នរោត្តម សីហនុ ប្រមុខរដ្ឋដ៏ល្បាញល្បីក្នុងសង្គមរាស្រ្តនិយម។

ជាមួយនឹងសម្តីធ្ងន់ៗនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ជាមួយអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះថា «ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃវិទ្យាស្ថានយោធា បណ្តាសាលាយោធា ប្រឆាំងយ៉ាងដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី ដែលប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តថា «ការអំពាវនាវរបស់ទណ្ឌិត សម រង្សី នេះ គឺជាចរិតនៃពូជក្បត់ជាតិ ហើយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជនក្បត់ជាតិ កឹម សុខា ដែលសារជាតិពួកក្បត់ជាតិ និងពូជក្បត់ជាតិនេះនៅតែក្បត់ ដោយពួកគេរកគ្រប់វិធី ដើម្បីបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ និង សេចក្តីសុខរបស់ប្រជាពលរដ្ឋនៅគ្រប់ដង្ហើមចេញចូល តាមរយៈសកម្មភាពញុះញុង បំបែកបំបាក់ លាបពណ៌ បំផ្លិចបំផ្លាញប្រទេសជាតិ»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានប្រកាសជំហរម៉ឺងម៉ាត់ ក្នុងការការពាររាជរដ្ឋាភិបាល និងស្នើសុំស្ថាប័នតុលាការចាត់វិធានការពួកក្បត់ជាតិទាំងនេះឲ្យខាងតែបាន ដោយមិនត្រូវអត់ឱនឲ្យឡើយ។

សូមបញ្ជាក់ថា ប្រតិកម្មរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងបន្ទាប់ពីបានឃើញវីដេអូរបស់លោក សម រង្ស៊ី ដែលបានថ្លែងជាមួយខ្មែរនៅក្រៅស្រុកថា កងទ័ពកំពុងមានបំណងបះបោរផ្តួលរំលំរាជរដ្ឋាភិបាល។ ក្នុងវីដេអូ ថ្លែងជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១១នោះ លោក សម រង្ស៊ី បានថ្លែងថា កងទ័ព កម្លាំងប្រដាប់អាវុធ មានតែបង្វែរកាណុងទៅកាន់រាជរដ្ឋាភិបាល ព្រោះតែការរស់នៅរបស់ពួកគេកាន់តលំបាកទៅៗ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់ លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។

ក្នុងជំនួបជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមក ដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នា ជាមួយនឹង ការនិយាយនៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របបហ៊ុនសែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធ បែរចុងកាណុង ផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»