(ភ្នំពេញ)៖ ​លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានបន្តដឹកនាំកិច្ចប្រជុំជាមួយម្ចាស់ផ្ទះជួលកម្មករ និងក្រុមហ៊ុនអគ្គិសនីឯកជន ក្នុងមូលដ្ឋានខណ្ឌដង្កោ ដោយមានការចូលរួមពីសំណាកលោកអភិបាលរង អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ការិយាល័យពាក់ព័ន្ធនានា និងម្ចាស់ផ្ទះជួល ព្រមទាំងអាជីវករអគ្គិសនីឯកជន ប្រមាណ​២០០នាក់។  

អភិបាលខណ្ឌដង្កោ បានអះអាងថា ក្នុងឱកាសនោះ បងប្អូនម្ចាស់ផ្ទះជួលទាំងអស់បានប្តេជ្ញាមិនតម្លើងថ្លៃឈ្នួលផ្ទះ សម្រាប់ឆ្នាំ២០១៨ ក្នុងពេលដែលកម្មករ កម្មការិនី ត្រូវបានតម្លើងប្រាក់ខែគោល ដល់​១៧០ដុល្លារ​ក្នុងមួយខែ ស្របតាមអនុសាសន៍អំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកអភិបាលក៏បានធ្វើការ ណែនាំដល់អង្គប្រជុំលើខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖
*ស្នើសុំឲ្យម្ចាស់ផ្ទះជួលទាំងអស់ សហការឲ្យបានល្អជាមួយអាជ្ញាធរភូមិ សង្កាត់ ប៉ុស្តិ៍ និងរាយការណ៍រាល់បញ្ហា ការលំបាកនានា ព្រមទាំងករណីសង្ស័យផ្សេងៗ ដើម្បីអាជ្ញាធរចាត់វិធានការ និងដោះស្រាយបានទាន់ពេលវេលា
*សូមម្ចាស់ផ្ទះជួលប្រមូលរូបថត និងថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកជួល ដើម្បីងាយស្រួលពេលមានតម្រូវការនានា
*ចំពោះអនាម័យបរិស្ថានសូមឲ្យយកចិត្តទុកដាក់សម្អាត ឲ្យបានស្អាត និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមម៉ោងពេលកំណត់
*សូមឲ្យម្ចាស់ផ្ទះជួលទាំងអស់ស្នើសុំលិខិតអនុញ្ញាតអាជីវកម្មផ្ទះជួល ឲ្យបានត្រឹមត្រូវនៅការិយាល័យច្រកចេញចូលតែមួយ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង
*ចំពោះម្ចាស់ក្រុមហ៊ុនអគ្គិសនីឯកជន ស្នើសុំកុំយកតម្លៃអគ្គិសនីលើសពីតម្លៃ ដែលរដ្ឋបានកំណត់ និងយកថ្លៃទៅតាមអ្វី ដែលរដ្ឋបានកំណត់។

ជាមួយគ្នានេះ លោកអភិបាល នុត ពុធដារ៉ា ក៏បានអនុញ្ញាតឲ្យអ្នកចូលរួមលើកឡើងអំពីកង្វល់ និងបញ្ហានានាដើម្បីរដ្ឋបាលខណ្ឌដោះស្រាយ ជូនបានទាន់ពេលវេលា៕