(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាសធ្វើផ្លូវប្របមាត់ប្រឡាយ១ខ្សែ ឲ្យចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ ដែលមានប្រវែងប្រហែល២៧០០ម៉ែត្រ និងទទឹង៣០ម៉ែត្រ ក្រោយពីធ្វើរបាយការណ៍យ៉ាងលម្អិតមួយ ដើម្បីស្នើសុំទៅ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ធ្វើការសម្រេចពាក់ព័ន្ធការស្ថាបនា ស្ថិតក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ និងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ជា ពិសី ថ្លែងបែបនេះ ឱកាសលោក និងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ ដឹកនាំមន្ត្រីក្រោមឱវាទចំណុះតាមការិយាល័យ ជុំនាញខណ្ឌ ចុះពិនិត្យជាក់ស្ដែងពីស្ថានភាពប្រឡាយតភ្ជាប់ពីអូរអាគុជ ធ្លាក់ទៅស្ថានីយ៍បូមទឹកទំនប់កប់ស្រូវ ដើម្បីបើកមុខផ្លូវទឹកឲ្យបានធំទូលាយ មានទទឹង ដល់ទៅ៣០ម៉ែត្រ និងត្រៀមរៀបចំស្ថាបនាផ្លូវប្របមាត់ប្រឡាយ១ខ្សែ មានប្រវែងជិត៣០០០ម៉ែត្រ ចាប់ពីបុរីអង្គរភ្នំពេញ ដល់ហ្គ្រែនភ្នំពេញ និងធ្លាយរហូតដល់ទំនប់កប់ស្រូវ។

លោក ជា ពិសី បានបន្តថា ពិសេសធ្វើការកំណត់ពីផលប៉ះពាល់ចំពោះក្បាលដី របស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវអញ្ជើញមកពិភាក្សាសុំ ឲ្យសម្បទាន តើមានប៉ុន្មានគ្រួសារ? ក្នុងការស្ថាបនាផ្លូវ១ខ្សែខាលើនេះ ចាប់ពីបុរីអង្គរភ្នំពេញ កាត់តាមហ្គ្រែនភ្នំពេញ រហូតមកដល់ផ្លូវទំនប់កប់ស្រូវ ដោយអាចសម្រួលទាំងការធ្វើដំណើរ និងបញ្ជៀសបានទាំងការលិចលង់ពីជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ។

លោកអភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ប្រសិនបើការស្ថាបនាផ្លូវ១ខ្សែនេះ ទទួលបានជោគជ័យ មិនត្រឹមតែអាចបញ្ជៀសទាំងការលិចលង់ ពីជំនន់ទឹកភ្លៀង នោះទេពិសេសអាចជួយកាត់បន្ថយការកកស្ទះចរាចរ នៅលើដងផ្លូវ៥៩៨ (ហៅផ្លូវជាសុផារ៉ា) មួយចំណែកក៏ដូចជាផ្លូវជាតិលេខ៥ ផងដែរ៕