(កំពង់ធំ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី វិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រឆាំង ចំពោះឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមអធីបតីភាពលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងកងកម្លំាងប្រដាប់អាវុធទាំង៣ប្រភេទយ៉ាងច្រើនកោះករផងដែរ។

លោក សុខ លូ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរ អង្គភាពជំនាញកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពក្រុង-ស្រុក ដូចខាងក្រោម៖
* ត្រូវខិតខំផ្សព្វផ្សាយបកស្រាយពន្យល់ជូនប្រជាពលរដ្ឋ សាធារណជន និងមន្រ្តីរាជាការក្រោមឱវាទឲ្យបានទូលំទូលាយដើម្បីយល់ដឹងពីឧបាយកល បែបផែនសកម្មភាពដ៏ពិសពុលរបស់គណបក្សសង្គ្រោះជាតិ ដែលឃុបឃិតជាមួយបរទេសក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា តាមរយៈការធ្វើបដិវត្តពណ៌
* ត្រូវបង្កើនការគ្រប់គ្រង់ និងត្រួតពិនិត្យរាល់សកម្មភាពពាក់ព័ន្ធនឹងសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវដើម្បីធានាថាសកម្មភាពទាំងនោះ ប្រព្រឹត្តិស្របតាមច្បាប់កំណត់
* ត្រូវបង្កើនការយកចិត្តទុក្ខដាក់លើការងារគ្រប់គ្រងមន្រ្តីក្រោមឱវាទ តាមរយៈការអប់រំសតិអារម្មណ៍ លើការលើកទឹកចិត្តការដោះស្រាយកង្វល់ ការថ្នាំងថ្នាក់ ភាពអសកម្មនានានៅក្នុងអង្គភាពឲ្យបានល្អប្រសើរ
* ស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ព្រមទាំងតំបន់ប្រតិបត្តការសឹងខេត្ត ត្រូវពង្រឹងស្ថិរភាពនយោបាយ គ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពីបច្ចុប្បន្នដល់ក្រោយការបោះឆ្នោតក្រោយឆ្នាំ២០១៨
* គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវយកចិត្តទុក្ខដាក់គ្រប់គ្រងសហការនៅក្នុងភូមិសាស្រ្តទទួលខុសត្រូវ អោយបានហ្មត់ចត់ ដើម្បីរក្សារបរិយាកាសស្ងប់ស្ងាត់ និងមានវិធានការទប់ស្កាត់ទាន់ពេលវេលា នូវការញ៉ុះញុង ក្នុងការប្រមូលផ្ដុំ តវានៅមូលដ្ឋាន ឬការនាំមនុស្សទៅរាជធានីភ្នំពេញ ធ្វើបាតុកម្ម ដើម្បីប្រឆាំងចំណាត់ការចំពោះរឿងក្ដី លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ
* គណៈបញ្ជាការឯកភាព ក្រុង ស្រុក បង្កើនសកម្មភាពចុះជួបពលរដ្ឋឲ្យបានជាប់ជាប្រចាំ ដើម្បីបង្ករបរិយាកាសស្និតស្នាល កក់ក្ដៅដល់ពលរដ្ឋ នូវទុក្ខលំបាក់របស់ពួកគាត់ ក៏ដូចជាសំណូមពរនានា
* ពង្រឹងការអនុវត្តច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយត្រូវចាត់វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ណាមួយដែលមិនគោរពច្បាប់
* បង្កើនការងារគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ចំពោះជនអន្តោប្រវេសន៍ តាមដាននូវរាលសកម្មភាព របស់ជនបរទេសប្រព្រឹត្តល្មើសច្បាប់នៅក្នុងខេត្ត ជាពិសេសមិនទុកឲ្យជនបរទេសណា ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬធ្វើសកម្មភាពបង្ករអស្ថិរភាពនយោបាយបានឡើយ
* បន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងយុទ្ធនាការនានារបស់រាជរដ្ឋាភិបាលឲ្យបានកាន់តែសកម្មថែមទៀតដើម្បីថែរក្សា បរិយាកាសសន្តិសុខជារួមនៅគ្រប់ទីកន្លែង។
* លើកម្ពស់ការគ្រប់គ្រងការអប់រំស្មារតីសន្តិអារមណ៍ដល់មន្រ្តីក្រោមឱវាទ ឲ្យបានល្អប្រសើរចៀសវាងការយល់ច្រឡំ ឬធ្លាក់ក្នុងការញ៉ុះញុង អូសទាញរបស់ពួកប្រឆាំង
* ត្រូវបន្តពង្រឹងអង្គភាពឲ្យបានរឹងមាំដើម្បីធានាថា មន្រ្តីទាំងអស់គឺជាកម្លាំងដែលមានឧត្តមគតិស្មោះត្រង់ការពារដាច់ខាតចំពោះព្រះមហាក្សត្រ ការពារដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាល និងរដ្ឋអំណាចស្រប់ច្បាប់។

នៅក្នុងជំនួបជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមកដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នាជាមួយនឹងការនិយាយ នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការហ៊ុនសែន»