(ភ្នំពេញ)៖ មហោស្រពអក្សរសិល្ប៍ខ្មែរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ដល់ ២២ ខែតុលា ខាងមុខនេះ និងមានគោលបំណង បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធខ្មែរនៅក្នុងសង្គមជាតិ និងជួយបង្កើនឱកាសដល់អ្នកនិពន្ធក្នុងការទំនាក់ទំនង និងទីផ្សារ។

ទស្សនវិស័យរបស់មហោស្រពអក្សរសិល្ប៍ខ្មែរ គឺ ប្រជាជនកម្ពុជានឹងទទួលបាននូវអក្សរសិល្ប៍ខ្មែល្អឯក និងលទ្ធភាពកាន់តែប្រសើរឡើងក្នុងការទទួលបានស្នាដៃ និងចំណេះដឹងអក្សរសិល្ប៍។ មហោស្រពនេះ នឹងត្រូវបានរៀបចំឡើងលើកទី១ នៅខេត្តសៀមរាប ដែលជាបណ្តុំវប្បធម៌ អរិយធម៌របស់ខ្មែរ។ កម្មវិធីនាឆ្នាំបន្ទាប់ នឹងរៀបចំឡើងទៅតាមបណ្តាខេត្តនានា ទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង។

សម្រាប់រយៈពេលបីថ្ងៃនេះ នឹងមានការចូលរួមពីអ្នកនិពន្ធ និពន្ធនាយក តំណាងរោងពុម្ព សិស្ស-និស្សិត អ្នកស្រលាញ់អក្សរសិល្ប៍ និងប្រជាពលរដ្ឋទូទៅ ជាមួយនឹងកម្មវិធីប្លែកៗគ្នារួមមាន វេទិកាពិភាក្សាអំពីប្រធានបទសំខាន់ៗ កម្មវិធីបង្ហាញស្នាដៃនិពន្ធថ្មីៗ សិក្ខាសាលានិពន្ធ ការបញ្ចាំងខ្សែភាពយន្តដែលទាក់ទងនឹងអ្នកនិពន្ធ ពិព័រណ៍សៀវភៅទាក់ទងនឹងកុមារ និងការសម្តែងសិល្បៈ ដែលរួមមានចាប៉ីដងវែង បាសាក់ទោល របាំ «សម្លេងស្គរជ័យ» ដោយក្រុមស្រ្តី មេធា និងរបាំសៀក ដោយសហគ្រាសសង្គមហ្វារជាដើម។

លោកស្រី សូ ភីណា សហស្ថានិកស្លាប៉ាកាខ្មែរ និងជាសមាជិកក្រុមការងាររៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរ បានមានប្រសាសន៍ថា «មហោស្រពអក្សរសិល្ប៍មួយនេះ គឺជាមោទនភាពនៃអក្សរសិល្ប៍ខ្មែរ ហើយក៏ជាឱកាសសម្រាប់អ្នកនិពន្ធបានជួបជុំគ្នា ផ្លាស់ប្តូរយោបល់អំពីស្ថានភាពបច្ចុប្បន្ន និងស្វែងរកដំណោះស្រាយនានា ដើម្បីលើកកម្ពស់វិស័យសិល្បៈអក្សរសិល្ប៍នេះតទៅមុខទៀត»។

លោកស្រីបានបន្ថែតទៀតថា «យើងចង់ស្ដារចលនាអក្សរសិល្ប៍ឲ្យរស់រវើកឡើងវិញ ដែលប្រជាជនយើងធ្លាប់មាន ហើយទស្សនវិស័យរបស់យើង គឺប្រជាជនកម្ពុជានឹងទទួលបាននូវអក្សរសិល្ប៍ខ្មែល្អឯក និងលទ្ធភាពកាន់តែប្រសើរឡើងក្នុងការទទួលបានស្នាដៃ និងចំណេះដឹងអក្សរសិល្ប៍»

មហោស្រពអក្សសិល្ប៍ខ្មែរទទួលបានការឧបត្ថម្ភទាំងថវិកា ដោយអង្គការស៊ីប៉ាកម្ពុជា សមាគមអក្សរសិល្ប៍ នូ ហាច ក្រុមហ៊ុនរថយន្ត Giant Ibis ផ្សារ លីម ប៉េងឃុន (មណ្ឌលគិរី) ក្រុមហ៊ុនឆាយ ដា ឡូជីស្ទិក (Chay Da Logistics) ខ្មែរអូហ្កានិកខូភឺរេហ្សិន (Khmer Organic Cooperative) និងសប្បុរសជនមួយចំនួន ដែលបានផ្តល់ថវិកាផ្ទាល់ខ្លួន

សម្រាប់ការរៀបចំមហោស្រពនេះ។ មហោស្រពអក្សរសិល្ប៍ខ្មែរ រៀបចំ និងសហការជាមួយអង្គការ ដែលធ្វើការលើវិស័យអក្សរសិល្ប៍មួយចំនួនទៀត ដូចជាស្លាបប៉ាកកាខ្មែរ មជ្ឈមណ្ឌលបេតិកភណ្ឌ សហគ្រាសសង្គមហ្វារ ឌឺហ្រាយធីងស្រ៊ូ ស្នាដៃសៀវភៅខ្មែរ បណ្ណាល័យបញ្ញវន្ត និងគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា៕