(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់និយោជក ម្ចាស់សហគ្រាស និងគ្រឹះស្ថានការងារ ដែលមិនទាន់ចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ត្រូវរូសរាន់ចុះបញ្ជីកម្មករ និយោជិតនៅបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឲ្យកម្មករ និយោជិតនោះទទួលបានអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងសេចក្តីជូនដំណឹងដែលផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង បានបញ្ជាក់ថា និយោជក ម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវមានការតព្វកិច្ចចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងកម្មករ និយោជិតរបស់ខ្លួនក្នុងបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកសន្តិសុខសង្គម។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការចុះបញ្ជីនេះនឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះតទៅ។ លោក អ៉ិត សំហេង បានបញ្ជាក់ថា និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីខកខានមិនបានចុះបញ្ជីកម្មករ និយោជិត មកក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដែលនាំឲ្យបាត់សិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករនិយោជិត។

សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានចុះជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយកម្មករ កម្មការិនីចំនួន១៣លើករួចហើយ បានសម្រេចផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាច្រើនសម្រាប់កម្មករ និយោជិត។ ក្នុងនោះចាប់ពីឆ្នាំ២០១៨ទៅ កម្មករ និយោជិត នឹងទទួលបានការរាប់រងសេវាគាំពារសុខភាពទាំងស្រុងពីនិយោជក និងម្ចាស់សហគ្រាស, កម្មករ កម្មការិនី ក៏នឹងត្រូវទទួលបានសេវាត្រួតពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃផងដែរ។

លើសពីនោះទៀត ចាប់ពីឆ្នាំ២០១៨ខាងមុខនេះ កម្មការិនីក៏នឹងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅពេលពួកគេសម្រាលកូនផងដែរ។ សម្រាប់កម្មការិនីសម្រាលកូនមួយទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល កូនភ្លោះពីរ ៨០ម៉ឺនរៀល និងកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។ ប្រាក់ឧបត្ថម្ភទាំងនឹងត្រូវទូទាត់ដោយបេឡាជាតិរបបសន្តិសុខសង្គម ដូច្នេះកម្មការិនី អាចទទួលបានអត្ថប្រយោជន៍ទាំងនេះលុះត្រានិយោជក ឬម្ចាស់សហគ្រាស និងគ្រឹះស្ថានការងារយកឈ្មោះរបស់កម្មការិនីទៅចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម។

យោងតាមរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម បានឲ្យដឹងថា បច្ចុប្បន្ននេះ មានសហគ្រាសសរុប ៩,២០៧ បានចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម មានសមាជិកសរុប ១,១៦៧,៣៦៤នាក់ ក្នុងនោះសមាជិកជាស្រ្តីមានចំនួន ៨១៧,៧១៩នាក់។

លោក ជាវ ប៊ុនរិទ្ធ ប្រធាន​ការិយាល័យ​គោល​នយោបាយ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​បេឡា​ជាតិ​របប​សន្តិ​សុខសង្គម​បានឲ្យដឹងថា កម្មករ និយោជិតដែលបានចុះបញ្ជីរួចនេះភាគច្រើនជាកម្មករ និយោជិតមកពីរោងចក្រសហគ្រាស និងគ្រឹះស្ថាននៅក្នុងប្រព័ន្ធ ហើយយករោងចក្រសហគ្រាស និងគ្រឹះស្ថាន ដែលមានកម្មករ និយោជិតចាប់ពី៨នាក់ឡើងទៅ។ ដោយឡែកកម្មករ និយោជិត ដែលមិនទាន់បានចុះបញ្ជីនោះមានប្រមាណជា ២លាននាក់ទៀត។

បើតាមលោក ជាវ ប៊ុនរិទ្ធ បានឲ្យដឹងថា កម្មករ និយោជិត ដែលមិនទាន់ចុះបញ្ជីនេះភាគច្រើនគឺជាកម្មករ និយោជិតនៅក្រៅប្រព័ន្ធ ហើយការចុះបញ្ជីថ្មីនេះ គឺយកចាប់ពីម្នាក់ឡើងទៅ៕