(ភ្នំពេញ)៖ លោកបណ្ឌិត នៅ ស៊ុន ដែលមានតួនាទីជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ។ ប្រធានបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត សុខ ទូច បានថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៩ ខែតុលានេះ។

លោកបណ្ឌិត សុខ ទូច បានបន្តទៀតថា លោកបានទទួលទូរស័ព្ទពីក្រុមការងារមកថា លោកបណ្ឌិត នៅ ស៊ុន បានទទួលមរណភាពនៅថ្ងៃនេះ ប៉ុន្តែលោកមិនបានដឹងថា លោកបណ្ឌិត នៅ ស៊ុន ទទួលមរណភាពដោយសារជំងឺ ឬយ៉ាងណាទេ ព្រោះលោកកំពុងបំពេញភារកិច្ចនៅខេត្តសៀមរាប។

ជាមួយដំណឹងដ៏ក្រៀមក្រំនេះ លោកបណ្ឌិត សុខ ទូច ថ្លែងថា ដំណឹងនេះពិតជាគួរឲ្យសោកស្តាយមែនទែន ព្រោះនៅព្រឹកមិញនេះ លោកបណ្ឌិត នៅ ស៊ុន ទើបតែបញ្ចប់ការប្រជុំនៅរាជបណ្ឌិត្យសភាកម្ពុជា ហើយចេញទៅផ្ទះ ស្រាប់តែលឺដំណឹងអកុសលបែបនេះ៕