(ពោធិ៍សាត់)៖ អគារសម្រាកព្យាបាលថ្មីមួយខ្នង ដែលទើបសាងសង់រួច មានទំហំ៧ គុណ២៥ម៉ែត្រ រួមមានបន្ទប់សម្រាកព្យាបាល៥បន្ទប់ និងបន្ទប់ទឹក៣បន្ទប់ ចំណាយថវិកាជាង៥ម៉ឺនដុល្លារ ជាអំណោយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីធីតត្រូវបានធ្វើពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកឧកញ៉ា ហួត អៀងតុង អគ្គនាយកហត្ថាកសិករ។

ពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកភ្នំក្រវាញ ស្ថិតក្នុងភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ខូយ រីដា និងលោក គិត សុផា អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរស្រុក ឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

លោក ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងថា អគារមួយខ្នងស្មើ៥បន្ទប់ រួមជាមួយបង្គន់អនាម័យ៣បន្ទប់ សាងសង់អស់ថវិកាជាង៥ម៉ឺរនដុល្លារអាមេរិក ជាអំណោយដ៏ថ្លៃថ្លារបស់លោកឧកញ៉ា ហួត អៀងតុង អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីធីត និងសហការី នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងការបម្រើផលប្រយោជន៍ នៅក្នុងមណ្ឌលសុខភាពនេះ។ លោកបានឱ្យដឹងទៀតថា ចាប់តាំងឆ្នាំ២០១៥ មន្ទីរសុខាភិបាលខេត្ត បានគ្របដណ្តប់ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចំនួន៤ និងមន្ទីរពេទ្យបង្អែកចំនួន៤ មណ្ឌលសុខភាព៤០ និងប៉ុស្តិ៍សុខភាពចំនួន៣។ នៅឆ្នាំបន្ទាប់នេះនឹងបន្តកសាងមណ្ឌលសុខភាពចំនួន៥កន្លែងទៀត នៅស្រុកភ្នំក្រវាញ គឺឃុំសំរោង ឃុំរកាត និង ឃុំសន្ទ្រែ និងស្រុកវាលវែង គឺនៅឃុំអូរសោម និងឃុំក្រពើពីរ។ លោកប្រធានមន្ទីសុខាភិបាលខេត្ត បានសន្យាថានឹងប្រើប្រាស់សមិទ្ធផលនេះឱ្យចំទិសដៅ សមស្រប ស្ថិតស្ថេរ គង់វង្ស និងមានអនាម័យ បរិស្ថានស្អាត ព្រមទាំងពង្រឹងសមត្ថភាព ទាំងធន ធានមនុស្ស សម្ភារៈបរិក្ខា ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព គុណធម៌ សមធម៌ និងសុវត្ថិភាព។

លោកឧកញ៉ា ហួត អៀងតុង បានឲ្យដឹងថា ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា ដែលបានទទួលអាជ្ញាបណ្ណ័ ពីធនាគារជាតិកម្ពុជា។ អាជីវកម្មស្នូល និងសេវាកម្ម រួមមានសេវាឥណទាន សេវាប្រាក់បញ្ញើ សន្សំ សេវាផ្ទេរប្រាក់ សេវាអេធីអឹម ធនាគារចល័ត បើកប្រាក់បៀវត្ស ធានារាប់រងខ្នាតតូចប្រមូលសាច់ប្រាក់ និងសេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។ គិតមកដល់ឆ្នាំ២០១៧ ហត្ថាកសិករមានអតិថិជន ជាង២២១,២៩៦នាក់ ប្រាក់បញ្ញើសន្សំប្រមាណ៣៧៦លានដុល្លារអាមេរិក និងមានអតិថិជនឥណទាន១១៨,១៩៦នាក់ ជាមួយសំពាធឥណទាន ជាង៥១២លានដុល្លារអាមេរិក។

លោក ម៉ៅ ធនិន បានថ្លែងនូវអំណរគុណចំពោះលោកឧកញ៉ា ហួត អៀងតុង និងសហការី ដែលជានិច្ចកាលតែងតែចូលរួមក្នុងសកម្មភាពសង្គម ជាពិសេសលើវិស័យអប់រំ និងវិស័យសុខាភិបាល នៅក្នុងខេត្ត ក៏ដូចបណ្តាខេត្តផ្សេងៗទៀតទូទាំងប្រទេស។
ការចូលរួមរបស់មីក្រូហិរញ្ញវត្ថុហត្ថាកសិករ គឺស្តែងចេញពីសន្តានចិត្តមនុស្សធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតជាឱកាស ការងារចែករំលែកចំណេះដឹង ការដោះស្រាយនីតិវិធីចាកចេញពីបំណុលវណ្ឌក។

លោក ម៉ៅ ធនិន បានបន្តថា ដោយផ្អែកតាមការពិនិត្យកន្លងមក គ្រឹះស្ថានហត្ថាកសិករ បានចូលរួមកសាងនូវសមិទ្ធផលជាច្រើនដូចជា៖ សាលារៀន ការផ្តល់សម្ភារៈសិក្សាជូនសិស្ស ផ្តល់បរិក្ខាសម្រាប់សួនច្បារសាធារណៈ និងចូលរួមថែក្សាបរិស្ថានជាដើម និងសូមហត្ថាកសិករកាន់តែមានការគាំទ្រ ពីអតិថិជនបន្ថែមទៀតកាន់តែច្រើន។

ជាចុងក្រោយ លោក ម៉ៅ ធនិន និងលោកឧកញ៉ា ហួត អៀងតុង បានចែកវត្ថុអនុស្សាវីរយ៍ ដល់ក្មួយៗសិស្សានុសិស្ស ក្នុងម្នាក់ៗទទួលបាន សៀវភៅ១០ក្បាល ប៊ិច០២ដើម បន្តោងសោរហត្ថាកសិករ១ និងថវិកា៥ពាន់រៀល។ បន្ថែមពីនោះ ថ្នាក់ដឹកនាំទាំង២ បានបន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកភ្នំក្រវាញ ព្រមទាំងបានចែកជូនវត្ថុកំដរដៃ ដោយក្នុងម្នាក់ៗទទួលបាន សារុង១ ក្រម៉ា១ និងថវិកា១ម៉ឺនរៀល និងបានកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យប្រាស់ជាផ្លូវការអគារសម្រាកព្យាបាលថ្មីមួយខ្នង នាឱកាសនោះផងដែរ។

ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន បានបន្តដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋ និងបានផ្តល់ស្បៀងជូនដល់ជនចាស់ជរា ទុរគត គ្រួសារក្រីក្រ នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕