(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យសមាគម នាវាយុវជនកម្ពុជា និងប្រតិភូនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា ដែលនឹងត្រៀមខ្លួនចេញទៅ ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅឆ្នាំ២០១៧នេះ ចូលជួបសំដែងការគួរសម និងទទួលនូវអនុសាសន៍។

លោក ស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា បានគោរពថ្លែងអំណរគុណដល់ សម្តេចក្រឡាហោម ស ខេង ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យសមាគម និងប្រតិភូនាវាយុវជនអាស៉ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ ចូលជួបសំដែងការគួរសម ដើម្បីទទួលនូវដំបូន្មាន ដ៏មានអត្ថន័យខ្លឹមសារ មុនចេញដំណើរទីចូលរួមកម្មវិធី។

លោក ស្រ៊ាង គឹមលី បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង អំពីប្រវត្តិ និងគោលបំណងសំខាន់ៗ របស់សមាគមនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា ដែលបង្កើតឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០០៤មក។

លោកបន្តថា គោលបំណងនៃការបង្កើតសមាគមនេះមាន៖ ជាឆ័ត្រមួយដែលថែរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងអតីតប្រតិភូទាំងអស់, រៀបចំវគ្គបណ្តុះបណ្តាល មុខពេលចេញដំណើរ ដើម្បីជាការចែករំលែក ចំណេះដឹង និងបទពិសោធន៍ គ្រប់ជ្រុងជ្រោយ ជូនប្រតិភូយុវជនជំនាន់ក្រោយ ឲ្យចូលរួមកម្មវិធីប្រកបដោយប្រសិទ្ធភាព និងជោគជ័យ, ជំរុញទឹកចិត្តយុវជនឲ្យចូលរួមសកម្មភាព ជួយសង្គមឲ្យបានកាន់តែសកម្ម និង ផ្តួចផ្តើមគំនិត និងរៀបចំគម្រោងជួយសង្គមផ្សេងៗ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេចក្រឡាហោម ស ខេង បានផ្តាំផ្ញើឲ្យប្រតិភូនាវាយុវជនកម្ពុជាទាំងអស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ និងចេញសាមគ្គីភាពភាពផ្ទៃក្នុងឲ្យបានល្អ នៅពេលចេញទៅបំពេញបេសកម្ម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅឆ្នាំ២០១៧នេះ។

សម្តេចក្រឡាហោម ក៏បានជំរុញឲ្យប្រតិភូយុវជនទាំងអស់ ចេញទាញយកផលប្រយោជន៍ ពីទំនាក់ទំនងបុគ្គល សម្រាប់ជួយដល់ការអភិវឌ្ឍន៍សង្គម និងប្រទេសជាតិ ព្រោះជាធម្មតា ក្នុងការជជែកការងារប្រសិនបើមានតែគោលការណ៍ អត់មានទំនាក់ទំនងបុគ្គល យោគយល់គ្នា នោះការពិភាក្សាមិនសូវជាទទួលបានផ្លែផ្កា ដូចនៅពេលយើងមានទំនាក់ទំនងល្អ ស្គាល់ចិត្តស្គាល់ថ្លើមគ្នារួចហើយនោះទេ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នេះជាបេសកកម្មមួយយ៉ាងល្អបំផុត ដែលយុវជនទាំងអស់ មាន​ឱកាសបានចូលរួមកម្មវិធីថ្នាក់តំបន់នេះ​ បូករួមជាមួយនឹងជប៉ុនផងដែរ ដែលផ្តល់ឱកាស ដើម្បីស្គាល់ យល់​ និងចែករំលែកចំណេះដឹង ទំនៀមទម្លាប់វប្បធម៌ ប្រណៃណីខ្មែរ ជាមួយយុវជនមកពីបណ្ដាប្រទេសអាស៊ាន និងជប៉ុន។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានគាំទ្រយ៉ាងពេញទំហឹង ចំពោះសមាគមនាវាយុវជនកម្ពុជា ដែលបានធ្វើការជ្រើសរើសយុវជនស្ម័គ្រចិត្ត១២០នាក់ ដើម្បីត្រៀមលក្ខណៈទទួលប្រតិភូយុវជនទាំងអស់ នៅពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។

លោក ផាន់ សុភា ប្រធានប្រតិភូនាវាយុវជនកម្ពុជា បានឲ្យដឹងថា ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅឆ្នាំ២០១៧នេះ មានរយៈពេល៥២ថ្ងៃ ដែលនឹងចាប់ចេញដំណើរពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ។ ក្នុងកម្មវិធីនេះ នាវានឹងចេញដំណើរពីប្រទេសជប៉ុន មកចូលចតនៅប្រទេសប្រទេសអាស៊ាន ចំនួន៤រួមមាន៖ ប្រទេស កម្ពុជា ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ទើបត្រលប់ទៅកាន់ប្រទេសជប៉ុនវិញ។

តាមរយៈកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ បានផ្តល់ឱកាសដល់ប្រទេសកម្ពុជា ក្នុងបង្ហាញនូវប្រពៃណី វប្បធម៌របស់ខ្លួនដល់យុវជនមក ពីបណ្តាលប្រទេសអាស៊ាន និងជប៉ុន។ ហើយនៅក្នុងឆ្នាំនេះដែល ប្រតិភូយុវជនកម្ពុជា បានជ្រើសរើសយកនូវប្រធានបទ ស្តីពី ការស្លៀកពាក់ និង ការតុបតែង ដោយបង្កើតខ្សែវីដេអូមួយ បង្ហាញពីការស្លៀកពាក់តុបតែង ចាប់ពីសម័យ ហ្វូណន ចេនឡា ចតុមុខ សម័យអង្គរ ឧត្តុង្គ សម័យទស្សវត្សទី ៦០ និងរហូតមកដល់បច្ចុប្បន្ននេះ៕