(កំពង់ស្ពឺ)៖ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានចុះទៅបញ្ឈប់សកម្មភាពប្រជាពលរដ្ឋដែលបានរកស៊ីបាញ់ទឹកលាងរថយន្តនៅតាមដងផ្លូវជាតិលេខ៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាប់ពីមានការរិះគន់របស់ប្រជាពលរដ្ឋ។

ការចុះទៅបញ្ឈប់សកម្មភាពនេះ បានដឹកនាំដោយលោក កាន់ ឆាយហុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអភិបាលរងស្រុក និងកងរាជអាវុធហត្ថផងដែរ។

លោក កាន់ ឆាយហុង បានឲ្យដឹងថា កន្លែងបាញ់ទឹកចំនួន ០៩កន្លែង ត្រូវបានបញ្ឈប់សកម្មភាព និងដកហូតទុយោទឹកប្រវែង ១៥០ម៉ែត្រ។ បើតាមលោក ឆាយហុង បន្ទាប់ពីបានបញ្ឈប់សកម្មភាពហើយនោះ ក៏បានណែនាំ និងអប់រំប្រជាពលរដ្ឋនៅតំបន់នោះឲ្យបញ្ឈប់សកម្មភាពបន្តទៅទៀតផងដែរ។

សូមបញ្ជាក់ថា ការចុះទៅផ្អាកសកម្មភាព បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ តាមរយៈអង្គភាពព័ត៌មាន Fresh News បានធ្វើការរិះគន់ខ្លាំងចំពោះសកម្មភាពនេះ ព្រោះអាចធ្វើឲ្យផ្លូវឆាប់ខូច និងអាចប្រឈមនិងគ្រោះថ្នាក់ផងដែរ៕