(ភ្នំពេញ)៖ ក្រោយស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ជុំវិញករណីរកឃើញគ្រាប់បែកគីមីរបស់អាមេរិក ដ៏ច្រើនសន្ធឹកនៅតាមភូមិនានា ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានចាត់ទុកថា គ្រាប់បែកទាំងនោះគ្រាន់តែជាគ្រាប់បែកបង្ហូរទឹកភ្នែកធម្មតានោះ, លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ថ្លែងតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសុំអញ្ជើញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចុះទៅពិនិត្យទីតាំងគ្រាប់បែកដោយផ្ទាល់ ដើម្បីហិត ឬកាន់លេង ដើម្បីដឹងថាគ្រាប់បែកទាំងនោះវាគ្រោះថ្នាក់បែបណា។

បើតាមលោក ហេង រតនា ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គ្រាប់បែកទាំងនោះមិនមែនត្រឹមតែជាគ្រាប់បែកបង្ហូរទឹកភ្នែកធម្មតាឡើយ ព្រោះថាគ្រាប់បែកប្រភេទនេះ ធ្លាប់បានរកឃើញនៅខេត្តរតនគីរី ហើយមន្ត្រីជំនាញរបស់អង្គការសហប្រជាជាតិ ក៏ចេញរបាយការណ៍បញ្ជាក់ថា គ្រាប់បែកប្រភេទនេះក៏ជាគ្រាប់បែកគីមីដែរ។

លោក ហេង រតនា បានបន្តថា មិនត្រឹមតែប្រជាពលរដ្ឋប៉ុណ្ណោះទេ ដែលរងគ្រោះ សូម្បីតែមន្ត្រីរបស់អាជ្ញាធរគីមី ក្រសួងការពារជាតិ ដែលចុះប្រតិបត្តិការដោះគ្រាប់បែកគីមីនេះ នៅសាលាបឋមសិក្សាគគីរ ក៏៏កំពុងមានជំងឺ សម្រាកព្យាបាល មិនទាន់ជាសះស្បើយនៅឡើយទេ។

អគ្គនាយកស៊ីម៉ាក់បានលើកឡើងយ៉ាងដូច្នេះថា​៖ «ឥឡូវនេះមិនពិបាកប្រកែកគ្នា ជាឧស្មន័បង្ហៀរទឹកភ្នែកឬអាវុធគីមីនោះទេ៖

​ទី១៖​ របាយការណ៍ក្រុមបច្ចេកទេស នៃអង្គការហាមឃាត់អាវុធគីមី បានបញ្ជាក់ច្បាស់ថា​ ប្រភេទគ្រាប់បែកនេះជាអាវុធគីមី​ (របាយការណ័ឆ្នាំ២០១២​ ចំពោះគ្រាប់បែកដូចគ្នានេះ រកឃើញនៅខេត្តមណ្ឌលគីរី)​ ករណីនៅគគីរ គឺជាគ្រាប់បែកប្រភេទដូចគ្នា នឹងនៅមណ្ឌលគីមីដែរ។​

ទី២៖​ មានប្រជាជនជាច្រើន បានកំពុងរងគ្រោះមានជម្ងឺនេះ​ មានកូនក្មេងៗមិនប្រក្រតីមួយចំនួន អាចទៅជួបផ្ទាល់នៅមូលដ្ឋានរបស់គាត់ក៏បានដឹកមកភ្នំពេញ ដើម្បីបានឃើញជាក់សែ្តងក៌បាន។​

ទី៣៖​ ការនិយាយថាឧស្មន័បង្ហៀទឹកភ្នែក​ នោះមិនពិបាក​ សូមអញ្ជើញអ្នកណាក៏បានដែល មិនជឿថាឥទ្ធិពលគ្រាប់បែកគីមីកំរិតណា​ ទៅទីតាំងគ្រាប់បែកនោះ​ ចង់ហិតមើល ឬកាន់លេងមើល​ វាយ៉ាងម៉េច​?​ ទៅសាកតែម្តងដើម្បីកុំឱយមានការសង្ស័យ​​ ក្រុមជំនាញគីមីខាងយោធាចំនួន៣-៤នាក់កំពុងឈឺនៅឡើយ​ និងមានចៅមន្ត្រីស៊ីម៉ាក់ ប៉ះពាល់សំលៀកបំពាក់ជីតា មកពីកន្លែងប្រតិបតិ្ត​ ពុលឈឺស្មានថា មិនអាចរស់បានផង។​ សំខាន់ទៅសាកល្បងមើល​ មិនឆ្ងាយទេ​ប្រហែល៣ម៉ោងពីភ្នំពេញ​ នឹងដឹងច្បាស់។

ទី៤៖ តើប្រជាជនកម្ពុជាទាំងអស់ជឿដែរឬ​ ថាគេទំលាក់គ្រាប់បែកឧស្មន័បង្ហៀរទឹកភ្នែកប្រឆាំងបាតុកម្ម​នៅក្នុងសមភូមិសង្គ្រាមនោះ?​ ប្រសិនជាមានមនោសញ្ចេតនាយ៉ាងនេះ​ វាគ្មានគ្រាប់បែកចង្កោមជិត២៨លានគ្រាប់​ គ្រាប់បែកទំងន់​ទំហំធំៗ ទំលាក់សម្លាប់មនុស្សជិតកន្លះលាននាក់នោះទេ។​ ដូចពាក្យចាស់លោកពោលថា​ «ដំរីងាប់​ កុំយកចង្អេរទៅបាំង​»​

ទី៥៖​ រឿងនេះមិនមែនចេះតែថា សារជាតិគីមីនេះ​ ឬនោះបានទេ?

លោក ហេង​ រតនា បានបន្ថែមថា «ឥឡូវនេះរាជរ្ឋាភិបាលបានប្រកាសប្រាប់អង្គការសហប្រជាជាតិរួចហើយថា​ កម្ពុជាមានសំណល់អាវុធគីមី​ ហើយស្នើឲ្យអង្គការជំនាញ របស់អង្គការសហប្រជាជាតិចុះមកពិនិត្យបញ្ជាក់​ (Verifications) ព្រោះវាអនុសញ្ញាអន្តរជាតិ​ និងស្របតាមនីតិវិធីអនុសញ្ញានោះ!»។

ការប្រតិកម្មភ្លាមៗរបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ខាងលើនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖

ស្ថានទូតអាមេរិកចេញសេចក្តីថ្លែងការណ៍៖ ស្តីពីការបោសសំអាតគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងខេត្តស្វាយរៀង (បកប្រែក្រៅផ្លូវការ)

បើទោះបីជាការប្រើប្រាស់គ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកជាទូទៅមានភាពចម្រូងចម្រាសក្តី ប៉ុន្តែនីតិវិធីដ៏ច្បាស់លាស់មួយត្រូវបង្កើតឡើង ដើម្បីបោសសម្អាតគ្រាប់បេកឧស្ម័នបង្ហូរទឹកភ្នែកនេះ។ ជាមួយគ្នានេះដែរ មិនមានភស្តុតាងណាមួយបានបញ្ជាក់ថា គ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកនេះបង្កផលប៉ះពាល់ដល់សុខភាពរយៈពេលយូរ ឬបញ្ហាពិការភាពពីកំណើតឡើយ។ ជាការពិតណាស់ ប្រសិនបើមានបញ្ហាបែបនេះមែននោះ អាជ្ញាធរនៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ នឹងមិនប្រើប្រាស់គ្រាប់បែកឧស្ម័នប្រភេទនេះនោះទេ។

យើងមានជំនឿថា អាជ្ញាធរកម្ពុជា មានសមត្ថភាព និងធនធានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ និងបំផ្លាញគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកបានយ៉ាងឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។ អាជ្ញាធរកំចាត់មីនកម្ពុជា បានជ្រាបពីវត្តមាននៃគ្រាប់បែកឧស្ម័នប្រភេទនេះ នៅក្នុងខេត្តស្វាយរៀងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងបានទទួលវគ្គបណ្តុះបណ្តាលលម្អិត ចំនួនពីរលើកផងដែរ កាលពីឆ្នាំ២០១៥ និង២០១៦កន្លងទៅនេះ ពីសំណាក់ក្រុមយោធាជំនាញអាមេរិក ស្តីពីប្រធានបទខាងលើនេះ។

វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់ទៅដោយជោគជ័យក្នុងខេត្តមណ្ឌលគិរី កាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ដោយមន្ត្រីកម្ចាត់មីនកម្ពុជា បានបោសសម្អាតឧស្ម័នបង្ហូរទឹកភ្នែកទាំងនោះ។ ក្នុងផ្នែកមួយនៃវគ្គបណ្តុះបណ្តាលនេះ មេបញ្ជាការអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទកម្ពុជា នូវគ្រឿងបរិក្ខាគ្រប់គ្រាន់ដែលចាំបាច់ក្នុង ប្រតិបត្តិការបោសសម្អាតគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក។

យើងមានការស្តាយចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ តែបែរជាបង្កឱ្យបញ្ហានេះ ក្លាយជាវិបត្តិនយោបាយទៅវិញ។ សហរដ្ឋអាមេរិកជឿថា យើងទាំងអស់គ្នាគួរតែរួមគ្នាដើម្បី លុបបំបាត់ចោលនូវកាកសំណល់ជាតិផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាម ក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូល។

យើងសូមទទួលយកនូវទំនួលខុសត្រូវខ្ពស់ ក្នុងការលុបបំបាត់រាល់បញ្ហាដែលយើងបានបន្សល់ទុក និងរក្សាឆន្ទៈក្នុងការពិចារណារាល់សំណើសុំជំនួយពីកម្ពុជាជានិច្ច។ នេះជាមូលហេតុដែលយើងបានចំណាយថវិកាអស់ជាង១៣១លានដុល្លារ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ដើម្បីកំណត់ទីតាំង និងលុបបំបាត់អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ របស់សហរដ្ឋអាមេរិក មិនត្រឹមតែនៅភាគខាងកើតប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងគ្រាប់មីនដែលស្ថិតនៅលើទឹកដីនៃប្រទេសចិន វៀតណាម និងសូវៀតផងដែរ។ កិច្ចសហប្រតិបត្តិការនេះ បានជួយសង្គ្រោះជីវិត ព្រមទាំងផ្តល់នូវអត្តប្រយោជន៍ក្នុងការអភិវឌ្ឍន៍ គួរឱ្យកត់សម្គាល់ក្នុងប្រទេសកម្ពុជា។ យើងសង្ឃឹមថា យើងអាចធ្វើឱ្យស្ថានភាពវិលទៅរកភាពដើមវិញ ក្នុងពេលឆាប់ៗខាងមុខនេះ៕