(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ អាជ្ញាធរមីនកម្ពុជា បានចេញសេចក្តីការណ៍បន្ទាន់មួយ ដោយទាត់ចោលទាំងស្រុងចំពោះការលើកឡើងតាមរយៈ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ដែលចោទប្រកាន់មកលើអាជ្ញាធរមីនកម្ពុជា ថាបានដឹងលឺថា មានគ្រាប់បែកនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង តាំងពីយូរមកហើយ ប៉ុន្តែទើបតែពេលនេះគាស់កកាយឡើង។

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ជ្រៅថ្ងៃទី១៩ ខែតុលានេះ បានបញ្ជាក់ថា ការលើកឡើងរបស់ស្ថានទូតអាមេរិក គឺក្នុងន័យបំភ្លៃការពិត និងបំភ័ន្តមតិជាតិ និងអន្តរជាតិប៉ុណ្ណោះ ព្រោះថាអាជ្ញាធរមីន គឺពិតជាទើបទទួលព័ត៌មាននៅអំឡុងខែមករា ឆ្នាំ២០១៧នេះ ដែលរាយការណ៍ដោយប្រជាពលរដ្ឋនៅទីនោះ។

អាជ្ញាធរមីនកម្ពុជា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងក៏៏បានទំនាក់ទំនងតាមគ្រប់មធ្យោបាយ ទៅស្ថានទូតសហរដ្ឋអាមេរិក ក្នុងន័យរួមសហការគ្នាតាមគោលការណ៍មនុស្សធម៌ដើម្បីធ្វើការ លុបបំបាត់ការភ័យខ្លាចរបស់ ប្រជាពលរដ្ឋនៅទីនោះ ប៉ុន្តែជាអកុសល យើងពុំដែលបានទទួលនូវការឆ្លើយតប ជាវិជ្ជមានណាមួយ ពីស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញឡើយ»

ជាមួយគ្នានេះអាជ្ញាធរមីននៅតែអំពាវនាវដ៏ទទូចឲ្យសហរដ្ឋអាមេរិក មានវិចារណញ្ញាណប្រកបដោយមនុស្សធម៌ រួមសហការគ្នាក្នុងការបោសសម្អាតបំផ្លាញនូវគ្រាប់បែកគីមីទាំងនោះចេញ និងបន្តបោសសំអាតនៅកន្លែងផ្សេងទៀត៕