(កំពង់ចាម)៖ បុរសម្នាក់បើករថយន្ដដឹកទឹកសុទ្ធ មកឈប់នៅលើស្ពានគីហ្សូណា ខេត្តកំពង់ចាម ហើយចុះពីលើរថយន្ដឱបកូនប្រុសអាយុ២ឆ្នាំ លោតទឹកប៉ង់សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ។

លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ។

បើតាមលោកស្នងការ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដដឹកទឹកសុទ្ធមកពីខាងខេត្តត្បូងឃ្មុំ លុះមកដល់លើស្ពានចូលដល់ទឹកដីខេត្តកំពង់ចាម ស្រាប់តែបានឈប់រថយន្ដ ឱបកូនប្រុសលោតចុះទឹកទន្លេបាត់តែម្ដង។

មេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សោ សាវឿន ក៏បានបញ្ជាក់ផងដែរថា ក្រោយកើតហេតុភ្លាមៗកម្លាំងអាវុធហត្ថរបស់លោក និងកម្លាំងនគរបាល បានសហការគ្នាជាមួយប្រជានេសាទចុះជួយសង្គ្រោះជនរងគ្រោះទាំង២ ប៉ុន្ដែជាលទ្ធស្រង់បានតែឪពុកប៉ុណ្ណោះ ដោយឡែកកូនប្រុសមិនទាន់រកឃើញនៅឡើយទេ។

ប៉ុន្ដែភ្លាមៗនោះក្រោយជួយសង្គ្រោះឪពុកបានឡើងជិះម៉ូតូឌុបរត់គេចបាត់ ហើយពេលនេះទាំងកម្លាំងនគរបាល និងអាវុធហត្ថ បាននិងកំពុងតាមរកឪពុកមកសួរនាំ និងមួយផ្នែកទៀតកំពុងជួយសង្គ្រោះកុមាររងគ្រោះដែលបាត់ក្នុងទន្លេ៕