(ភ្នំពេញ)៖ ក្រោយការប្រកាសភ្នាល់ដាក់ជីវិតនយោបាយពីសំណាក់ លោក ហ៊ុន ម៉ាណែត ជាមួយបុគ្គល ម៉ែន ណាត ដែលបានចោទលោកលាក់លុយ ២០០លានដុល្លារ និងកំពុងចូលរួមដេញថ្លៃអគារតម្លៃរាប់លានដុល្លារ នៅប្រទេសបារាំងនោះ ស្រាប់តែបុគ្គលរូបនេះបានចេញមកប្រកាសចុះចាញ់ ហើយក្រុមរបស់ខ្លួនបែរជាលើកហេតុផលយ៉ាងរាក់កំផែលដោយចោទ លោក ហ៊ុន ម៉ាណែត ហ៊ានភ្នាល់ដោយសារដឹងថា ម៉ែន ណាត មិនអាចរកភ័ស្ដុតាងបានទៅវិញ។
អ្វីដែលធ្វើឲ្យហួសចិត្ត និងដឹងកាន់តែខ្លាំងពីពីភាពទុច្ចរិតបំភ្លៃការពិតទៅទៀតនោះ គឺបុគ្គលរូបនេះដើម្បីបិទបាំងនូវភាពបរាជ័យដ៏ធ្ងន់ និងអាម៉ាស់របស់ខ្លួន នៃការភ្នាល់ដាក់ជីវិតនយោបាយពី លោក ហ៊ុន ម៉ាណែត នោះ ស្រាប់តែរូបគេចេញមកប្រកាសដាក់លក្ខខណ្ឌនៃការភ្នាល់គ្នា តែបែរជាបង្វែរទៅរឿងផ្សេងទៅវិញ មិនចំប្រធានបទដើម ដូចដែល លោក ហ៊ុន ម៉ាណែត បានប្រកាសភ្នាល់ជាសាធារណៈនោះឡើយ។
បុគ្គល ម៉ែន ណាត ក្រោយពីមិនហ៊ានភ្នាល់ឲ្យចំប្រធានបទដើមជាមួយ លោក ហ៊ុន ម៉ាណែត បែរជាបង្ហោះខ្លឹមសារបង្វែរប្រធានបទផ្សេង ដោយពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងឯណាឆ្កុយទៅវិញ ពោលគឺវាចាកពីប្រធានបទដើម១៨០អង្សា ក្នុងគោលបំណងបំបាំងភាពបរាជ័យដ៏ធ្ងន់ធ្ងរនៃបញ្ហាមួយនេះ។
រឿងដំបូងដែលនាំឲ្យកើតបញ្ហានេះ គឺបុគ្គល ម៉ែន ណាត បានចោទលោក ហ៊ុន ម៉ាណែត លាក់លុយចំនួន២០០លានដុល្លារ នៅធនាគារមួយឈ្មោះថា BNP ព្រមទាំងកំពុងចូលរួមដេញថ្លៃ អគារទីស្នាក់ការបក្ស Le Parti Socialiste តម្លៃរាប់លានដុល្លារនៅប្រទេសបារាំង ដោយបុគ្គលរូបនេះសុទ្ធតែអួតក្ដែងៗថា ខ្លួនមានភ័ស្ដុតាងច្បាស់លាស់ និងឯកសារទាំងនេះ នៅក្នុងដៃរបស់ខ្លួនទៀតផង។
បន្ទាប់ពីការបង្ហោះព័ត៌មានចោទប្រកាន់គ្មានមូលដ្ឋានបែបនេះ លោក ហ៊ុន ម៉ាណែត ដែលនៅស្ងៀមមិនចង់តបតរយៈពេលប៉ុន្មានថ្ងៃទៅហើយនោះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញ ក៏បានចេញមកប្រកាសភ្នាល់ជាសាធារណៈជាមួយបុគ្គល ម៉ែន ណាត ដែលចោទប្រកាន់រឿងលុយរាប់លានដុល្លារទាំងនេះ ដោយហ៊ានភ្នាល់យកជីវិតនយោបាយមកដាក់ទៀតផង ពោលបើសិនលោកចាញ់ ឬបុគ្គល ម៉ែន ណាត ចាញ់ត្រូវឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត។
នៅបណ្ដាញសង្គម Facebook របស់ខ្លួន លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ពីលក្ខខណ្ឌយ៉ាងដូច្នេះថា៖ «បើលោក ម៉ែន ណាត មានឯកសារដែលបញ្ជាក់ថា ខ្ញុំពិតជាមានប្រាក់ និងកំពុងដេញថ្លៃអគារដូចដែលលោកចោទប្រកាន់មែន ខ្ញុំហ៊ាន៖
១៖ ប្រគល់លុយទាំងអស់ ដែលលោកចោទខ្ញុំថា មាននោះឲ្យទៅលោក
២៖ ខ្ញុំនឹងធ្វើកិច្ចសន្យាជាសាធារណៈថា ខ្ញុំនឹងឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត
ប៉ុន្តែបើលោក ម៉ែន ណាត មិនហ៊ានភ្នាល់ ឬមិនអាចផ្តល់ភ័ស្តុតាងពិតប្រាកដ ដើម្បីបញ្ជាក់តាមការចោទរបស់លោកទេ ខ្ញុំសុំឲ្យលោក ម៉ែន ណាត៖
១៖ ធ្វើលិខិតសុំទោសខ្ញុំជាសាធារណៈ
២៖ ធ្វើកិច្ចសន្យាជាសាធារណៈថា លោកនឹងឈប់ប្រឡូកក្នុងនយោបាយតាមគ្រប់រូបភាពអស់មួយជីវិត។ ខ្ញុំមិនខ្លាចនឹងភ្នាល់ទេ ព្រោះខ្ញុំគ្មានអ្វីត្រូវលាក់បាំងចំពោះការចោទប្រកាន់របស់លោក ម៉ែន ណាត ទេ»។
ប៉ុន្ដែសម្រាប់បុគ្គល ម៉ែន ណាត វិញបែរជាមិនហ៊ានតតាំងឲ្យចំប្រធានបទ បែរជាមកប្រកាសចង់ភ្នាល់ឡើងវិញ តែដាក់លក្ខខណ្ឌផ្ទុយពីប្រធានបទដើម គោលបំណងបង្វែរស្ថានការណ៍ និងការចាប់អារម្មណ៍ទៅរូបភាពផ្សេង ទាំងនេះបង្ហាញយ៉ាងច្បាស់ក្រឡែតថា អ្វីៗដែលបុគ្គលរូបបង្ហោះចោទប្រកាន់លោក ហ៊ុន ម៉ាណែត តាមបណ្តាញសង្គម Facebook នោះគឺជារឿងគ្មានមូលដ្ឋាន បំភ្លៃការពិត និងបោកប្រាស់សាធារណៈជនទាំងស្រុង៕